អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការទេ តម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់
(កែប)៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បណ្តាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗសុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។
ថ្លែងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យបានលើកឡើងថា បណ្តាញសង្គមទាំងនេះ គឺជាវេទិកាដែលសាធារណជនអាចបង្កើតឡើងបានយ៉ាងងាយស្រួល ដើម្បីបម្រើដល់ការកម្សាន្ត ការធ្វើអាជីវកម្ម និងការចែករំលែកព័ត៌មានផ្សេងៗ។ ទោះជាយ៉ាងណា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។
លោកបានពន្យល់បន្ថែមថា ចំពោះប្រព័ន្ធផ្សព្វផ្សាយផ្លូវការវិញ មានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ មុននឹងព័ត៌មានមួយត្រូវបានផ្សព្វផ្សាយ។ ព័ត៌មានត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក ដើម្បីធានាថាមានប្រភពច្បាស់លាស់ ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការញុះញង់។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការផ្តោតសំខាន់លើគុណភាព និងភាពត្រឹមត្រូវជាងល្បឿន ទោះបីជាមានការអភិវឌ្ឍទៅជាព័ត៌មានតាមអនឡាញដែលលឿនជាងមុនក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជារួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), ទូរទស្សន៍ជាតិកម្ពុជា (TVK), វិទ្យុជាតិកម្ពុជា (RNK), MoInfo App, ព្រមទាំងគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ក្រសួង-ស្ថាប័ន និងអង្គភាពសារព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ៕

