ភ្លើងឆេះក្លឹប យ៉ាងសាហាវនៅបាងកក ផ្តាច់ជីវិតមនុស្ស ២៧នាក់, របួស ៦៣នាក់ និងច្រើននាក់ទៀត បាត់ខ្លួន

គ្រោះអគ្គិភ័យយ៉ាងសាហាវ បានឆាបឆេះក្លឹបមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ចំនួន២៧នាក់ ខណៈ ៦៣នាក់របួស។

តាមការផ្សាយរបស់ Thairath, អគ្គិភ័យនេះ កើតឡើងនៅក្លឹប Na Ladprao ក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងក្លឹបនោះ ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈអ្នកស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។ ដ្បិតថា ស្ថានការណ៍អាចគ្រប់គ្រងបាន ក្នុងរយៈពេលកន្លះម៉ោងក៏ដោយ ប៉ុន្តែអ្វីៗគឺហួសពេលហើយ ដោយសារអគ្គិភ័យរាលដាលលឿនពេក។

តួលេខមនុស្សស្លាប់ អាចនឹងកើនឡើងជាបន្តទៀត ព្រោះតែនៅមានមនុស្សជាច្រើន កំពុងបាត់ខ្លួន ​ហើយក្នុងចំណោមអ្នករបួសទាំង ៦៣នាក់ គ្រាន់តែអ្នករបួសធ្ងន់ មានដល់ទៅ ២២នាក់ទៅហើយ។

ចំពោះមូលហេតុ! ជាបឋម ក្រុមមន្ត្រីសន្និដ្ឋានថា អគ្គិភ័យនេះ គឺបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត។

ជុំវិញរឿងនេះដែរ អភិបាលក្រុងបាងកក ប្រាប់ថា អណ្តាតភ្លើង រាលដាលយ៉ាងលឿនទៅលើសម្ភារៈតុបតែងនៅលើពិដានហាង ហើយផ្សែងពុលដែលភាយចេញពីការឆេះសម្ភារៈតុបតែងទាំងនោះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជនរងគ្រោះ។

មកទល់ពេលនេះ ក្រុមសង្គ្រោះកំពុងបន្តធ្វើប្រតិបត្តិការ ស្វែងរកអ្នកបាត់ខ្លួន ចំណែកការស៊ើបអង្កេតបន្ថែមទៀត ត្រូវបានធ្វើឡើង៕

អត្ថបទដែលជាប់ទាក់ទង