ជនសង្ស័យជនជាតិវៀតណាម ៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់មនុស្សដាក់ក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ នៅក្រុងបាវិត
ស្វាយរៀង៖ ជនសង្ស័យចំនួន៣នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងនគរបាលក្រុងបាវិតឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់មនុស្សដាក់ក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ នៅចំណុចផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត បានចុះស្រាវជ្រាវ និងស៊ើបអង្កេតតាមវិធានការជំនាញភ្លាមៗ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន ក៏បានដេញតាម និងស្ទាក់តាមគោលដៅប្រទាក់ក្រឡា។ ខណៈកំពុងគេចខ្លួន ក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ រួចចុះពីរថយន្ត និងរត់ចូលវាលស្រែ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានរត់ដេញតាម និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៣នាក់ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ភេទប្រុស ជាជនជាតិវៀតណាម និងដកហូតវត្ថុតាង រួមមាន៖ រថយន្តម៉ាក Toyota Prius ពណ៌ក្រហម ចំនួន១គ្រឿង ដែលសង្ស័យជារថយន្តប្រើប្រាស់ក្នុងសកម្មភាព, កាំបិតចំនួន៣ដើម, ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់៕
