អារ៉ាប់រួម កាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ ក្រោយទីក្រុងតេហេរ៉ង់ បាញ់មីស៊ីលបាលីស្ទិក

គ្រាន់តែ MoU រយៈពេល២ខែ ដែលរៀបចំឡើង ដើម្បីបើកផ្លូវឈានដល់ទៅរកកិច្ចចរចាបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ផុតកំណត់ភ្លាម ស្រាប់តែមីស៊ីលអ៊ីរ៉ង់ ២គ្រាប់បានហោះសំដៅទៅទឹកដី អារ៉ាប់រួម ដែលធ្វើឲ្យប្រទេសនេះ អត់ទ្រាំមិនបាន ដល់ថ្នាក់ប្រកាសកាច់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយទីក្រុងតេហេរ៉ង់តែម្តង។

ក្រសួងការពារជាតិអារ៉ាប់រួម ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថា មីស៊ីលបាលីស្ទិក ២គ្រាប់បានហោះចេញពីអ៊ីរ៉ង់មក ដោយមួយគ្រាប់ធ្លាក់ចូលក្នុងដែនទឹក និងមួយគ្រាប់ទៀត ​ធ្លាក់នៅខាងក្រៅ ប៉ុន្តែមិនបញ្ជាក់ឡើយថា តើមីស៊ីលទាំងនោះ ត្រូវបានបាញ់ទម្លាក់ ឬក៏យ៉ាងណា។

ក្រោយមកមិនបានប៉ុន្មានផង ក្រសួងការបរទេសនៅទីក្រុង អាប៊ូដាប៊ី ក៏ប្រកាសកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្ម និងប្រតិបត្តិការទាំងអស់ ជាមួយអ៊ីរ៉ង់ ដោយសារតែការវាយប្រហារខាងលើ។

យ៉ាងណា ជុំវិញរឿងនេះ ខាងអ៊ីរ៉ង់ មិនទាន់និយាយអ្វីទេ គ្រាន់តែពីមុន ទីក្រុងតេហរ៉ង់ ធ្លាប់ចោទអារ៉ាប់រួមថា បានបើកដៃឲ្យកងទ័ពអាមេរិក ប្រើទឹកដីនោះ ដើម្បីធ្វើការវាយប្រហារលើខ្លួន។

រឿងនេះផងដែរ កើតឡើងបន្ទាប់ពី MoU ៦០ថ្ងៃ ​រវាងអាមេរិក និងអ៊ីរ៉ង់ បានផុតកំណត់ ដោយ​ប្រទេសទាំងពីរស្ថិតក្នុងភាពជាប់​គាំង ហើយគ្មានកិច្ចព្រមព្រៀងជំនួស​ណាមួយ អាចមើល​ឃើញ​ឡើយ រហូត​ដល់​ពេលនេះ​។

ប្រមុខសេតវិមាន ដូណាល់ ត្រាំ ​និយាយថា ខ្លួន​មិនចង់បន្ត​កិច្ច​ព្រម​ព្រៀង​ទៀត​ទេ ហើយមន្ត្រីអ៊ីរ៉ង់ក៏បាន​កត់​សម្គាល់ដែរថា ការរំលោភ​បំពានគ្នាទៅវិញទៅមក ជាច្រើនសប្តាហ៍​បន្ទាប់ពីការចុះហត្ថលេខា ធ្វើឲ្យក្របខ័ណ្ឌនេះ​គ្មានន័យ ធ្វើឲ្យការចរចានាពេលអនាគតជាប់​គាំងលើច្រកសមុទ្រ Hormuz និងការចម្រាញ់សារធាតុអ៊ុយ​រ៉ាញ៉ូម៕

អត្ថបទដែលជាប់ទាក់ទង