កម្ពុជា-សិង្ហបុរី បញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់ជាមួយគ្នា

កម្ពុជា និងសិង្ហបុរី បានបញ្ជាក់ពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយគ្នា នៅក្នុងជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក កើត រិទ្ធ និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនឹងលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ លោក កើត រិទ្ធ និងលោកឯកអគ្គរដ្ឋទូត Steven Pang Chee Wee សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងសិង្ហបុរី ពិសេសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌។ ខណៈលោក Steven Pang Chee Wee បានអរគុណចំពោះកម្ពុជាដែលបានគាំទ្រលោកស្រី Rena Lee ឯកអគ្គរដ្ឋទូតច្បាប់អន្តរជាតិសិង្ហបុរី គឺជាបេក្ខភាពចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣៦។

ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត ដោយផ្ដោតទាំងលើការពង្រឹងសមត្ថភាពធនធានមនុស្សតាមរយៈវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា សំដៅលើកកម្ពស់នូវសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា។

ជំនួបទ្វេភាគីនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ក៏បានចែករំលែកនូវព័ត៌មានជុំវិញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់ទៅកាន់ភាគីសិង្ហបុរីឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការប្ដេជ្ញាចិត្តរបស់កម្ពុជានៅទីនេះ លោក បញ្ជាក់បន្ថែមថា បានធ្វើឡើងតាមរយៈការរៀបចំក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់នូវប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយសំដៅធានាថា ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការបង្ក្រាបរួចនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង