មន្ត្រីយោធា​រុស្ស៊ី​ លែងលាក់​លៀម ដោយ​​ព្រមានថា អ៊ីស្រាអែល​​ប្រឈមនឹងការ​​​រលាយ​រដ្ឋ

មន្ត្រី​យោធាជាន់ខ្ពស់​រុស្ស៊ីម្នាក់​ បានលើក​ឡើង​ថា អ៊ីស្រាអែល​ប្រឈមនឹង​​​បាត់​បង់​រូប​រាង​​​ជា​​រដ្ឋ​មួយ​​ ដោយ​អះអាងថា គោលបំណង​ចម្បងរបស់រដ្ឋាភិបាល​​​​អ៊ីស្រាអែល​ គឺដើម្បី​បង្កើនជម្លោះ​កំពុងបន្តនៅមជ្ឈិមបូព៌ា និងទាញ​សហរដ្ឋ​អាមេរិក និងណាតូ​ចូលទៅក្នុង​សង្គ្រាម។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​សី​ហា ឆ្នាំ​២០២៦ ។

ក្នុងសុន្ទរកថា​​ចេញផ្សាយកាលពីថ្ងៃពុធ លោក Apti Alaudinov ជា​អនុប្រធាន​នាយកដ្ឋានយោធា-នយោបាយ​​សំខាន់របស់យោធា​រុស្ស៊ី និងជាមេបញ្ជាការកងកម្លាំង​ពិសេស Akhmat ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ TASS របស់​រុស្ស៊ី​ ថា ជម្លោះ​ក្នុងតំបន់ទំនង​ជានឹងកាន់តែខ្លាំង​ឡើង​បន្ថែមទៀត​។

លោក ណេតាន់​យ៉ាហ៊ូ និង​ លោក Apti Alaudinov 

លោក Alaudinov និយាយថា៖ « យើង​ត្រូវ​តែដឹងថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ានឹង​កាន់តែធ្ងន់ធ្ងរឡើង។ ខ្ញុំ​ជឿថា នោះគឺជាគោលបំណង​របស់អ៊ីស្រាអែលក្នុងការបង្កើន​ជម្លោះតាមដែល​អាចធ្វើទៅបាន និង​ទាញទាំងសហរដ្ឋអាមេរិក និងប្លុកណាតូ​ទាំងមូលចូលទៅក្នុងនោះ»។

លោក​ព្រមានថា៖ « អ៊ីស្រាអែលនឹងវាយតម្លៃ​កម្លាំងរបស់ខ្លួន​លើសកម្រិត ហើយ​នឹង​ត្រូវ​បាត់បង់រូបរាងជារដ្ឋមួយ​»។​

គួរ​បញ្ជាក់​ថា ភាព​តានតឹងនៅមជ្ឈិមបូព៌ា​បានកើនឡើង​ បន្ទាប់ពីសហ​រដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​បើកការវាយប្រហាររួមគ្នា​លើអ៊ីរ៉ង់​ កាល​ពី​ថ្ងៃទី ២៨ ខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានសង​សឹកដោយការវាយប្រហារលើប្រទេសក្នុងតំបន់​ដែលមានទ្រព្យសម្បត្តិយោធា​របស់​សហរដ្ឋអាមេរិក។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​បានចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោគយល់គ្នាកាលពីខែមិថុនា មានគោលបំណងបញ្ចប់សង្គ្រាម និង​បើកផ្លូវសម្រាប់កិច្ចព្រមព្រៀង​ ប៉ុន្តែកិច្ចព្រមព្រៀងនេះបាន​បរាជ័យ ដោយ​សារការចោទប្រកាន់គ្នាទៅវិញទៅមកអំពី​ការរំលោភបំពាន និងបង្ក​អរិភាព​ឡើងវិញ។

ចាប់តាំង​ពីពេលនោះមក កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបាន​បរាជ័យ​ក្នុង​ការសម្រេចបាននូវរបកគំហើញមួយ​លើការបើកច្រក​សមុទ្រហ័រមូស ឬបន្តការចរចាលើកិច្ចព្រមព្រៀង​​ឡើង​វិញ​៕

អត្ថបទដែលជាប់ទាក់ទង