រដ្ឋបាលរាជធានី សម្រេចសាងសង់ផ្សារស្ទឹងមានជ័យឡើងវិញ តាមការស្នើសុំពីអាជីវករ
អាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាង១០០នាក់បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាកពួកគាត់ ដោយរៀបចំជួសជុល និងសាងសង់ដំបូល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដោយសារអគារចាស់នេះបានសាងសង់ឡើងអំពីឈើប្រក់ក្បឿង មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មានអាយុកាល ៦៦ឆ្នាំទៅហើយនោះ។

ក្នុងកិច្ចសំភាសន៍ជាមួយអាជីវករលក់ដូរក្នុងផ្សារនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈអាជ្ញាធរខណ្ឌមានជ័យ និងគណៈកម្មការផ្សារស្ទឹងមានជ័យ រៀបចំពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន ឱ្យការរុះរើសំណង់ចាស់ចេញ ហើយសាងសង់ដំបូលផ្សារថ្មីឡើងវិញ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ លោកស្រី អ៊ុក ប៉ូលីកា ជាអាជីករដូរលុយ លោកស្រី ហាក់ ស៊ីយឺន ជាអាជីវករលក់មាស ក៏ដូចជា លោក តាំង ស្រ៊ុន អាជីវករជួសជុលនាឡិកា បានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា ពួកគាត់ទាំងអស់គ្នាពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ ដែលបានខិតខំខ្នះខ្នែងរៀបចំឱ្យមានការជួសជុល និងសាងសង់ដំបូលផ្សារឡើងវិញ។

សកម្មភាពនេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខ និងជីវភាពរស់នៅរបស់អាជីវករដែលកន្លងមកពួកគាត់រកស៊ីលក់ដូរនៅក្រោមដំបូលផ្សារនេះ ទាំងការភ័យខ្លាច ព្រោះតែអគារផ្សារនេះចាស់ទ្រុឌទ្រោមខ្លាំងពេក។

គួររំលឹកថា ផ្សារស្ទឹងមានជ័យ បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ សំណង់ធ្វើអំពីឈើប្រក់ក្បឿង ដែលគិតមកត្រឹមបច្ចុប្បន្នមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ខណៈដំបូលផ្សារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាក និងមានហានិភ័យខ្ពស់ ខណៈអាជីវករទាំងអស់បានសំណូមពរមកអាជ្ញាធរឱ្យជួយជួសជុលឡើងវិញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យរៀបចំជួសជុល និងសាងសង់ដំបូលផ្សារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់អាជីវករ ដែលប្រកបអាជីវកម្មបានសមរម្យ និងលែងមានហានិភ័យទៀត។

គួរបញ្ជាក់បន្ថែមថា ផ្សារស្ទឹងមានជ័យ មានតូបលក់ដូរចំនួន ១៨៦តូប ហើយអាជីវករដែលលក់ដូរក្រោមតំបូលផ្សារស្ទឹងមានជ័យនេះមានចំនួន ៩៨តូប បើតាមគម្រោងសាងសង់ គឺចាប់ផ្តើមអនុវត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយប្រើប្រាស់ពេលវេលាចំនួន ១១០ថ្ងៃ នឹងសាងសង់រួចរាល់៕ឮ
អត្ថបទ៖ ស្រីរ័ត្ន





