ចិនបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវពន្ធតាមមាត្រា ២៣២ ដែលបានដាក់លើការនាំចូលដ្រូន និងគ្រឿងបន្លាស់ពាក់ព័ន្ធពីប្រទេសចិន

ចិនបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវពន្ធតាមមាត្រា ២៣២ ដែលបានដាក់លើការនាំចូលដ្រូន និងគ្រឿងបន្លាស់ពាក់ព័ន្ធពីប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធទាំងនេះបាន​ដាក់​លើ​ផលិតផលពាក់ព័ន្ធចិន​ ក្នុងលក្ខណៈរើសអើង និងបាន​ធ្វើ​ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន។

លោកបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការពន្ធនេះ និងអំពាវនាវឱ្យអាមេរិកដក​ចេញ​​ជាបន្ទាន់។

គួររំឭកថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋ​អាមេរិក​នឹងដាក់ពន្ធថ្មីលើដ្រូន និងគ្រឿងបន្លាស់ដ្រូនដែលនាំចូលពីបរទេស ដោយលើកហេតុផលថា អាមេរិកកំពុងពឹងផ្អែកខ្លាំងពេកលើប្រភពផ្គត់ផ្គង់ពីក្រៅប្រទេស។

លោក ត្រាំ ​បាននិយាយថា ដ្រូន និងគ្រឿងបន្លាស់ពីក្រុមហ៊ុនបរទេសមួយចំនួន អាចបង្ក​ហានិភ័យចំពោះសន្តិសុខ និងសុវត្ថិភាពជាតិ ហើយឧស្សាហកម្មផលិតដ្រូនក្នុងស្រុករបស់អាមេរិក នៅមិនទាន់អាចផលិតបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផ្នែកសន្តិសុខរបស់ប្រទេសឡើយ។ លោកថា ពន្ធថ្មីនេះ គឺជាឧបករណ៍សំខាន់ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។

សេតវិមានបានឱ្យដឹងថា ពន្ធដដែលនឹងចូលជាធរមាន​ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខា ថ្ងៃទី ១៣ សីហា។ ចំណែកពន្ធលើ​គ្រឿងបន្លាស់ដ្រូនដែលមិន​រសើបខាងសន្តិសុខ នឹងចាប់ផ្តើម​ក្នុងរយៈពេល ១៨០ថ្ងៃ​៕

អត្ថបទដែលជាប់ទាក់ទង