អាមេរិក បើកភ្លើងខៀវលក់យន្តហោះចាក់ប្រេងទំនើប KC-46A ចំនួន ៤គ្រឿង ឲ្យកាតា
សហរដ្ឋអាមេរិក បានអនុម័តជាផ្លូវការ លើលទ្ធភាពលក់យន្តហោះចាក់ប្រេងនៅលើអាកាសប្រភេទ KC-46A ចំនួន ៤គ្រឿង ក្នុងតម្លៃទឹកប្រាក់ប្រមាណជា ៤.៥ ប៊ីលានដុល្លារ ទៅឲ្យកាតា។ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការទៅកាន់សភាអាមេរិក ពីសំណាក់ក្រសួងការបរទេស ចុះផ្សាយដោយ thehill កាលពីថ្ងៃទី២០ ខែសីហា។

យោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនោះ បានគូសបញ្ជាក់ថា ការស្នើលក់អាវុធដ៏ធំនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់អាមេរិក តាមរយៈការជួយលើកកម្ពស់សន្តិសុខរបស់ដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ បាននិងកំពុងបន្តដើរតួជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។
ក្រសួងការបរទេសអាមេរិកបានបន្ថែមថា កិច្ចព្រមព្រៀងលក់យន្តហោះចាក់ប្រេងនេះ នឹងជួយបង្កើនសមត្ថភាពរបស់កងទ័ពអាកាសកាតា ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខទាំងឡាយណាដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ព្រមទាំងជួយពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់កាតា ក្នុងការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូលផងដែរ។
នៅក្នុងកញ្ចប់កិច្ចព្រមព្រៀងដ៏ធំនេះ រួមមានយន្តហោះចាក់ប្រេងលើអាកាស KC-46A ចំនួន ៤ គ្រឿង រួមជាមួយម៉ាស៊ីន Turbofan ប្រភេទ PW4062 ចំនួន ៨ គ្រឿង ដោយក្នុងនោះ ៤ គ្រឿងសម្រាប់ដំឡើងផ្ទាល់ និង ៤ គ្រឿងទៀតជាម៉ាស៊ីនបម្រុង។ ក្រៅពីនេះ កាតាក៏នឹងទទួលបានប្រព័ន្ធរ៉ាដាព្រមានគ្រោះថ្នាក់ AN/ALR-69A ចំនួន ១០ គ្រឿង គ្រឿងបង្គុំប្រព័ន្ធបញ្ជូនឡាស៊ែរការពារខ្លួន Guardian Laser Transmitter Assemblies ចំនួន ១៥ គ្រឿង និងប្រព័ន្ធដំណើរការជំនួស LAIRCM ចំនួន ៨ គ្រឿងផងដែរ។
សូមជម្រាបជូនថា ការដែលអាមេរិកអនុម័តលក់យន្តហោះចាក់ប្រេង KC-46A ក្នុងតម្លៃ ៤.៥ ប៊ីលានដុល្លារឲ្យកាតា គឺដើម្បីធ្វើឲ្យកងទ័ពអាកាសកាតាមានសមត្ថភាពខ្ពស់ និងអាចធ្វើការរួមគ្នាយ៉ាងរលូនជាមួយកងទ័ពអាកាសអាមេរិកដែលឈរជើងនៅទីនោះ ក្នុងការយាមល្បាត និងការពារសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕