សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើងជាថ្មី ក្រោយកាណាដាប្រកាសសងសឹកពន្ធអាមេរិក
កាណាដាគ្រោងដាក់ពន្ធសងសឹកលើទំនិញមួយចំនួននាំចូលពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែកញ្ញា ក្រោយពន្ធ ៥០% លើផលិតផលកាណាដាចូលជាធរមាន ហើយការចរចាពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំង២បានបរាជ័យ ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិកជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខារនីយ៍ (Mark Carney) បានប្រកាសថា កាណាដានឹងដំឡើងពន្ធ «មួយដុល្លារទៅមួយដុល្លារមក» លើទំនិញអាមេរិក ដើម្បីការពារកម្មករ កសិករ គ្រួសារ និងអាជីវកម្មកាណាដា។ ទំនិញដែលអាចរងពន្ធរួមមាន ដែកថែប ផលិតផលទឹកដោះគោ គ្រឿងអេឡិកត្រូនិក ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កសិកម្ម ក្រដាស និងផលិតផលកសិកម្មមួយចំនួន។
លោក Carney បានប្រើពាក្យធ្ងន់ៗពេលពិពណ៌នាពីស្ថានការណ៍នេះថា៖ «នៅពេលអ្នករងការវាយប្រហារ នោះមានន័យថាអ្នកកំពុងស្ថិតក្នុងសង្គ្រាម។ យើងរងការវាយប្រហារ»។
ការសម្រេចចិត្តរបស់កាណាដា ធ្វើកើតឡើងបន្ទាប់ពីការចរចារយៈពេល៣ថ្ងៃរវាងប្រទេសទាំង២ បានបរាជ័យកាលពីយប់ថ្ងៃសុក្រ។ ភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ខណៈការចរចាថ្មីមិនទាន់ត្រូវបានកំណត់ពេលនោះទេ។
គួរគូសបញ្ជាក់ថា ពន្ធថ្មីរបស់អាមេរិក ដែលចូលជាធរមានកាលពីថ្ងៃសៅរ៍ ប៉ះពាល់ដល់ផលិតផលកាណាដាជាច្រើន ដូចជា ស្រា គ្រឿងសង្ហារឹម ផលិតផលទឹកដោះគោ ស៊ីម៉ង់ត៍ សម្លៀកបំពាក់ ឧបករណ៍នេសាទ និងឧបករណ៍កីឡាហុកគី ដែលមានតម្លៃនាំចេញប្រមាណ ២០ ប៊ីលានដុល្លារទៅកាន់ទីផ្សារអាមេរិក។

ការដាក់ពន្ធសងសឹករបស់កាណាដា ក៏អាចបង្កើនភាពមិនប្រាកដប្រជាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិក កាណាដា និងម៉ិកស៊ិក ដែលបានជួយការពារការនាំចេញរបស់កាណាដាភាគច្រើនទៅកាន់អាមេរិកក្នុងរយៈពេលប្រមាណ ១៨ ខែ កន្លងមក។
មូលហេតុសំខាន់មួយដែលធ្វើឱ្យការចរចាជាប់គាំង គឺការព្យាយាមកំណត់លក្ខខណ្ឌពន្ធសម្រាប់រថយន្តធុនមធ្យម និងធុនធ្ងន់។ កាណាដាចង់ឱ្យរថយន្តប្រភេទនេះ ទទួលបានលក្ខខណ្ឌដូចរថយន្តធុនស្រាល ប៉ុន្តែអាមេរិកមិនយល់ព្រម។ កាណាដាបារម្ភថា វានឹងធ្វើឱ្យការផលិតរថយន្តនៅក្នុងប្រទេសខ្លួនបាត់បង់ភាពប្រកួតប្រជែង។
លោក Carney ក៏បាននិយាយថា សហរដ្ឋអាមេរិកបានដាក់សំណើថ្មីនៅនាទីចុងក្រោយ ដែលកាណាដាចាត់ទុកថា «មិនមានផលប្រយោជន៍ មិនយុត្តិធម៌ និងធ្វើឱ្យខូចផលប្រយោជន៍សុទ្ធរបស់កាណាដា»។
មន្ត្រីអាមេរិកវិញបានចាត់ទុកការបរាជ័យនៃការចរចា ជា «ឱកាសដែលកាណាដាបានខក»។ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានបញ្ជាក់ថា អាមេរិកនឹងចាត់វិធានការឆ្លើយតបចំពោះពន្ធសងសឹករបស់កាណាដា។
ទោះបីជាយ៉ាងណា រដ្ឋាភិបាលកាណាដាបានបញ្ជាក់ថា នឹងប្រកាសវិធានការគាំទ្រសម្រាប់វិស័យដែលរងផលប៉ះពាល់នៅសប្ដាហ៍ក្រោយ ហើយជំនួយទាំងនេះអាចបន្តរយៈពេលជាច្រើនឆ្នាំ។ អ្នកជំនាញពាណិជ្ជកម្មព្រមានថា វិស័យងាយរងគ្រោះមួយចំនួន ដូចជា ឈើ និងស្រា អាចរងផលប៉ះពាល់ខ្លាំង រួមទាំងការបាត់បង់ការងារ និងការបិទអាជីវកម្មផងដែរ។
កាណាដាពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក ដោយប្រមាណ ៧០% នៃការនាំចេញរបស់ខ្លួនមានទិសដៅទៅសហរដ្ឋអាមេរិក។ ដូច្នេះ ការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មលើកនេះ អាចបង្កសម្ពាធមិនត្រឹមតែលើទំនាក់ទំនងរវាងប្រទេសទាំង២ ប៉ុន្តែថែមទាំងលើអាជីវកម្ម និងអ្នកប្រើប្រាស់នៅភាគីទាំង២ផងដែរ៕