រត់ឆ្លងដែនក៏កុំសង្ឃឹមរួច ! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសទុកពេល ៤៨ ម៉ោងឱ្យជនដៃដល់វា.យក្បាលគេប្រគល់ខ្លួនជាបន្ទាន់

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ទុក​ពេល​កំណត់​ត្រឹម​៤៨ ម៉ោង ដល់​ជន​ដៃដល់​ឈ្មោះ ឆេ​ង ភា​រុណ ឱ្យ​ចូលខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​បន្ទាន់ ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ដោយ​យក​ដប​ស្រា​វាយ​ក្បាល​ជន​រង​គ្រោះ កាលពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ។ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៣ ខែសីហា​នេះ​ថា ៖ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ ខ្ញុំ​សូម​ផ្ញើ​សារ​ណែនាំ​ទៅ​កាន់​លោក​ឆេ​ង ភា​រុណ ដែល​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា ដោយ​យក​ដប​ស្រា​វា​.​យ​ក្បាល​ជន​រង​គ្រោះ កាលពី​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៦​នោះ សូម​លោក​មាន​ភាព​ក្លាហាន និង​ស្មារតី​ភ្ញាក់រលឹក ចូលខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ក្នុង​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ខ្ញុំ​ទុក​រយៈពេល​៤៨​ម៉ោង ឱ្យ​ចូលខ្លួន​មក​សារភាព និង​អនុវត្ត​នីតិវិធី​ជាមួយ​សមត្ថកិច្ច ។ ក្នុង​ន័យ​នេះ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ឱ្យ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​លោក ឆេ​ង ភា​រុណ ជួយ​ផ្ដល់​ព័ត៌មាន និង​ពន្យល់​ណែនាំ​បន្ថែម ។ លោក ស សុខា បាន​បន្ថែម​ថា ខ្ញុំ​សូម​ជម្រាប​ជូន​ដែរ​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​លើ​ករណី​នេះ ខ្ញុំ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ឯកឧត្តម លឿង តាម​ខ្វាង រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ដោយ​បាន​ស្នើ​សុំ​កម្លាំង​មាន​សមត្ថកិច្ច​វៀតណាម សហការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បុគ្គល​នេះ ។ ដូច្នេះ ក្នុង​រយៈពេល​ដូច​ខ្ញុំ​បាន​បញ្ជាក់​ខាងលើ សូម​លោក ឆេ​ង ភា​រុណ បើ​កំពុង​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​ប្រញាប់​វិល​ចូល​មាតុប្រទេស​ដោយ​ខ្លួនឯង និង​សូមកុំ​ព្យាយាម​ពួន​សំងំ ឬ​ប៉ុនប៉ង​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ណាមួយ ពីព្រោះ​លោក​ប្រាកដជា​ដឹង​ច្បាស់​ហើយ​ថា គ្មាន​ថ្ងៃ​អាច​រួចខ្លួន​នោះ​ទេ ។ លោក ស សុខា បាន​បន្ត​ថា ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ជម្រាប​ជូន​ជនរួមជាតិ​ថា ក្នុង​នាម​ជា​សេនាធិការ​ស្នូល​របស់​រាជរដ្ឋាភិបាល លើ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រូប​ខ្ញុំ​ផ្ទាល់ និង​ក្នុង​នាម​ក្រសួងមហាផ្ទៃ គឺ​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​ជនល្មើស រួម​ទាំង​ករណី​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ខាងលើ​នេះ រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ៕
អត្ថបទដែលជាប់ទាក់ទង