កំពុង​​សែន​ព្រេន​ចងដៃ​ប្រពន្ធ​ទី​៦ ស្រាប់តែ​ប្រពន្ធ​ទី​៥​ ទៅ​ទាន់ ផ្អើល​ឈុ​ល!​

រាជធានី​ភ្នំពេញ​ ៖ បុរស​មាន​មន្ត​ស្នេ​ហ៏​ម្នាក់ ​មាន​ប្រពន្ធ​រហូត​ដល់​ទៅ​៥​នាក់ ​រួច​មក​ហើយ ប៉ុន្តែ​យក​លែង​ៗ​ មិន​បាន​យក​ជាប់​នោះ​ទេ ហើយ​ចុង​ក្រោយ​កំពុង​ដំណើរការ​ក្ដី​លែងលះ​ប្រពន្ធ​ទី​៥ ​មិន​ទាន់​ដាច់ស្រេច​ផង គាត់​ក៏​ទៅ​លួចលាក់​សែនព្រេន​ប្រពន្ធ​ទី​៦​ម្នាក់​ទៀត។ ប៉ុន្តែ​ពិធីសែនព្រេន​នោះ​ មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឡើយ ខណៈ​កំពុង​តែ​សែន​ចងដៃ​ ប្រពន្ធ​ថ្មី​ទី​៦ សើច​សប្បាយ​ក្អាកក្អាយ ស្រាប់តែ​នាង​ប្រពន្ធ​ទី​៥ បាន​ទៅ​ដល់​ល្មម ហើយ​ការ​ឈ្លោះ​គ្នា​បាន​កើតឡើង។ ពេល​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឈុ​ល ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​កំពុង​ចូលរួម​អបអរសាទរ ​ផ្ដល់​ពរ​ជ័យ ​និង​ហូប​អាហារ​ដ៏​ឆ្ងាញ់ ក្នុង​ក្ដី​រីករាយ ប្រែ​ទៅ​ជា​ការ​ស្រឡាំងកាំង​ រត់​ជាន់​ជើង​គ្នា ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​ខាង​ប្រុស​(​បុរស​ខាងលើ​) ស្ថិត​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​មាន​មន្ត​ស្នេហ៍​រូប​នោះ​ឈ្មោះ​ បារាំង អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ។ ចំណែក​ស្ត្រី​ ​ដែល​អះអាង​ថា​ ជា​ប្រពន្ធ​ទី​៥ ឈ្មោះ អា​ម៉ី អាយុ​ស្រករ​គ្នា មាន​ទីលំនៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្រី​ម៉ី ​បាន​និយាយ​ថា លោក​ប្ដី​នាង​ម្នាក់​នេះ ​មាន​ប្រពន្ធ​៥​នាក់ ​រួច​មក​ហើយ ហើយ​រូប​នាង ​គឺជា​ប្រពន្ធ​ទី​៥ ប៉ុន្តែ​មិន​បាន​រៀប​ការ​ពេញលេញ​តាម​ប្រពៃណី​នោះ​ទេ បាន​ត្រឹម​សែនព្រេន​ផ្ដាច់​ខ្មោច ដោយ​ចាស់ទុំ​ដឹង​ឮជា​មួយ​គ្នា​ប៉ុណ្ណោះ ហើយ​មុន​ពេល​យក​គ្នា​នោះ លោក​បារាំង ​បាន​ប្រាប់​នាង​ថា​ ខ្លួន​ជា​បុរស​ពោះម៉ាយ​ លែងប្រពន្ធ​ដាច់ស្រេច​ហើយ។ បើ​គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នាង​ និង​លោក​បារាំង បាន​រស់នៅ​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ បាន​រយៈពេល​៧​ខែ​មក​ហើយ ហើយ​នៅ​ក្នុង​រយៈពេល​នេះ​ នាង​បាន​ចំណាយ​ប្រាក់ ​ដែល​ជា​ញើស​ឈាម​របស់​នាង​ក្នុង​ការ​សាងសង់​ផ្ទះ​ជួល​ជាមួយ​លោក​ប្ដី ​រូប​នោះ​អស់​ចំនួន​៣.០០០​ដុល្លារ ​ផង​ដែរ ។

នាង​ប្រពន្ធ​ទី​៥​រូប​នោះ ​បាន​និយាយ​បន្ត​ទៀត​ថា នាង​បាន​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្ដី ​ដែល​ជា​ផ្ទះ​កើតហេតុ​ខាងលើ ​ប៉ុន្តែ​ក្រោយ​ពី​ការ​រស់នៅ​ជាមួយ​គ្នា​មួយ​រយៈពេល​រួច​មក ​មិន​ចុះសម្រុង​គ្នា​ឡើយ ចេះ​តែ​មាន​ភាព​រកាំរកូស រហូត​ធ្វើ​ឲ្យ​នាង ​និង​ប្ដី​រូប​នេះ ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា។ ដោយ​ប្ដី​បាន​រស់នៅ​ផ្ទះ​របស់​គាត់ (​ផ្ទះ​កើតហេតុ​ខាងលើ​)​ និង​បាន​បិទទ្វារ​ មិន​ឲ្យ​នាង​ចូល​ផ្ទះ​ឡើយ ទើប​នាង​បាន​ទៅ​រស់នៅ​ឯ​ផ្ទះ​របស់​នាង​ នៅ​ឯ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​វិញ មិនតែប៉ុណ្ណោះ​ ក៏​បាន​ឈាន​ដល់​ការ​ប្តឹងផ្តល់​គ្នា ចាប់ពី​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​តុលាការ​ទៀត​ផង ។

ស្ត្រី​ខាងលើ ​បាន​និយាយ​បន្ត​ថា ពេល​នោះ​នាង​បាន​ទាមទារ​យក​ប្រាក់​ចំនួន​៣.០០០​ដុល្លារ ដែល​ជា​ប្រាក់​ញើស​ឈាម​របស់​នាង​ចំណាយ​ក្នុង​ការ​សាងសង់​ផ្ទះ​ជួល ពី​លោក​បារាំង​ ដែល​ជា​ប្តី​នោះ​វិញ ប៉ុន្តែ​មិន​បាន​ដូច​បំណង​ឡើយ រហូត​ខ្ជិល​មានរឿង​វែង​ឆ្ងាយ ហើយ​ដើម្បី​ឲ្យ​ឆាប់​បាន​លែងលះ​គ្នា​ដាច់ស្រេច​នោះ នាង​ក៏​ទាមទារ​បញ្ចុះ​មក​នៅ​ត្រឹមតែ​ ចំនួន​១.៥០០​ដុល្លារ​វិញ​ប៉ុណ្ណោះ សុខចិត្ត​ចោល​១.៥០០​ដុល្លារ​ទៅ​ចុះ ក៏​នៅ​តែ​មិន​ទាន់​បាន​ទៀត ទើប​ការ​លែងលះ​គ្នា​នៅ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ ។

នាង​ទី​៥ ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា នាង​ និង​លោក​បារាំង ​នៅ​តែ​មានឈ្មោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​នៅឡើយ ព្រោះ​មិន​ទាន់​លែងលះ​គ្នា​ដាច់​ទេ ប៉ុន្តែ​នាង ​មិន​បាន​សោកស្ដាយ ​នូវ​ប្ដី​ម្នាក់​សូ​ម្បី​តែ​ប៉ុន​ចុង​ក្រចក​ទេ។ អ្វី​ដែល​នាង​ចូល​ទៅ​កាន់​ក្នុង​ពិធីសែនព្រេន​រវាង​ប្ដី​ និង​ប្រពន្ធ​ទី​៦​នោះ គឺ​ដើម្បី​ទាមទារ​ប្រាក់​ ចំនួន​១.៥០០​ដុល្លារ​នោះ ដែល​ជា​ប្រាក់​របស់​នាង​មក​វិញ ដើម្បី​បញ្ចប់រឿង​ប៉ុណ្ណោះ ។

ទាក់ទង​ទៅ​នឹង​រឿង​នេះ​ អ្នក​ភូមិ​បាន​និយាយ​ថា មុន​នឹង​ឈាន​ដល់​ការ​រៀប​សែនព្រេន ​ប្រពន្ធ​ថ្មី​ទី​៦ ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ លោក​បារាំង ​បាន​ប្រាប់​នាង​ប្រពន្ធ​ទី​៦ និង​អ្ន​កកូ​មិ​ថា ខ្លួន​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ទី​៥ ដាច់ស្រេច​ហើយ។ ព្រមទាំង​និយាយ​ទៀត​ថា បាន​សង​ប្រាក់​ចំនួន​១.៥០០​ដុល្លារ ​ទៅ​ឲ្យ​ស្រី​ម៉ី ដែល​ជា​ប្រពន្ធ​ទី​៥​នោះ ​រួចរាល់​ហើយ​ដែរ ទើប​នាង​ប្រពន្ធ​ទី​៦​នោះ ​យល់ព្រម​សេន​ព្រេន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​គិត​ថា ​មិន​ខុសច្បាប់ ឬ​មានឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​ឡើយ។ ប៉ុន្តែ ​ទីបំផុត​ពេល​អង្ករ​ក្លាយទៅជា​បាយ​ទៅ​ហើយ និង​ពិធីសែនព្រេន​ កំពុង​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ចូលរួម​ផ្ដល់​ពរ​ជ័យ​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ​ ព្រមទាំង​ភ្ញៀវ​ទាំង​សងខាង​ទៅ​ហើយ​នោះ ក៏​ត្រូវ​នាង​ប្រពន្ធ​ទី​៥ ​ទៅ​រករឿង​ផ្អើល​រត់​ជាន់​ជើង​គ្នា​បែប​នេះ​ទៅ​វិញ ។

អាជ្ញាធរ ​បាន​ប្រាប់​ថា ក្រោយ​កើតរឿង​រ៉ាវ​បែប​នេះ​រួច រដ្ឋបាល​សង្កាត់​ជើងឯក បាន​អញ្ជើញ​គូភាគី​ទាំង​២​ ទៅ​សម្របសម្រួល​គ្នា​នៅ​សាលាសង្កាត់​ នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៦ ដើម្បី​បញ្ចប់​វិវាទ។ ខណៈនោះ​ស្រី​ម៉ី​ ដែល​ជា​ប្រពន្ធ​ទី​៥ ​បាន​ទាមទារ​ប្រាក់​ត្រឹមតែ​១.៥០០​ដុល្លា​រប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង ហើយ​ចង់​លោក​បារាំង ​ទៅ​យកប្រពន្ធ​ថ្មី ​ប៉ុន្មាន​នាក់​ទៀត ​ក៏​ទៅ​យក​ចុះ ហើយ​យក​ឲ្យ​បាន​សុខ​សប្បាយ​ទៅ​ចុះ នាង​ឈប់​មក​រករឿង​អី​ទៀត​ហើយ ប៉ុន្តែ​ខណៈនោះ​ លោក​បារាំង​ មិន​ព្រម​ផ្ដល់​ឲ្យ​តាម​ការ​ទាមទារ​របស់​ប្រពន្ធ​ទី​៥​នោះ​ឡើយ គឺ​ព្រម​ឲ្យ​តែ​១​លាន​រៀល​ប៉ុណ្ណោះ(ប្រមាណ២៥០ដុល្លារ) ទើប​ប្រពន្ធ​ទី​៥​ មិន​ព្រមយក ហើយ​មិន​អាច​បញ្ចប់រឿង​បាន​ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង