ចិន ប្រកាសត្រៀមសិទ្ធិការពារខ្លួន ក្រោយអាមេរិកគំរាមដាក់ទណ្ឌកម្មធ្ងន់បំផុតលើដៃគូពាណិជ្ជកម្មអ៊ីរ៉ង់
ភាពតានតឹងរវាងមហាអំណាចអាមេរិក និងចិន បានកើនឡើងកម្តៅជាថ្មី បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានចេញមុខគំរាមថានឹងប្រកាសដាក់ «ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ» ទៅលើប្រទេសអ៊ីរ៉ង់ រួមទាំងបណ្តាប្រទេសទាំងឡាយណា ដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយក្រុងតេហេរ៉ង់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Al Arabiya ភាគីអាមេរិកថែមទាំងបានបន្តទាមទារ និងអំពាវនាវឱ្យប្រទេសចិន សហការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តាច់ជំនួញ និងប្រភពចំណូលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ផងដែរ។
ជាការឆ្លើយតបទៅនឹងការគំរាមកំហែងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខប្រកាសជំហរយ៉ាងច្បាស់ៗនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែសីហា ថា ប្រទេសចិននឹងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយនឹងចាត់វិធានការចាំបាច់ទាំងឡាយណា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ យោងតាមសារព័ត៌មាន Xinhua លោក Lin Jian បានសង្កត់ធ្ងន់ថា វិធានការទណ្ឌកម្ម និងការប្រើប្រាស់សម្ពាធនយោបាយ មិនមែនជាដំណោះស្រាយចំពោះបញ្ហានោះទេ ប៉ុន្តែវាមានតែធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងរុញច្រានជម្លោះឱ្យកាន់តែរីករាលដាលខ្លាំងឡើងប៉ុណ្ណោះ។
លើសពីនេះ ភាគីចិនក៏បានអំពាវនាវយ៉ាងទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ប្រកបដោយហេតុផល និងការអត់ធ្មត់ ដើម្បីជៀសវាងសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះពាល់ដល់ស្ថេរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក។ បន្ថែមពីនោះ លោក Lin Jian បានបញ្ជាក់ថា វិធីសាស្ត្រដ៏ល្អបំផុត គឺភាគីទាំងអស់ត្រូវត្រឡប់មកកាន់តុចរចា និងដោះស្រាយបញ្ហាតាមផ្លូវការទូតប្រកបដោយសន្តិវិធី ព្រោះការដាក់សម្ពាធ ឬទណ្ឌកម្មសេដ្ឋកិច្ចទ្វេភាគីបែបនេះ មិនបានផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ៕
