រដ្ឋាភិបាល ចិន ប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងចល័តកម្លាំងសម្រុកសង្គ្រោះជនរងគ្រោះនៅទីបេ

អាជ្ញាធរនៅក្នុងតំបន់ស្វយ័ត Xizang ភាគនិរតីនៃប្រទេសចិន បានសម្រេចប្រកាសអាសន្នឆ្លើយតបនឹងគ្រោះអាសន្នធម្មជាតិកម្រិតទី១ ដែលជាកម្រិតខ្ពស់បំផុត បន្ទាប់ពីគ្រោះបាក់ដី និងជំនន់ភក់ដ៏ធំធេងមួយបានវាយប្រហារលើតំបន់ច្រកទ្វារព្រំដែន ហ្គីរ៉ុង (Gyirong ) ក្នុងតំបន់ស្វយ័តទីបេ ជាប់ព្រំដែននេប៉ាល់ កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ។

គ្រោះមហន្តរាយដែលកើតឡើងនៅភាគីខាងប្រទេសនេប៉ាល់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាមកលើតំបន់ព្រំដែន ដោយបង្កឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Globaltimes

ភ្លាមៗបន្ទាប់ពីកើតហេតុ នាយកដ្ឋានបញ្ជាការសង្គ្រោះបន្ទាន់ប្រចាំតំបន់ បាននិងកំពុងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីពន្លឿនប្រវត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះ ផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រដល់អ្នករងរបួស ព្រមទាំងជម្លៀសនិងរៀបចំកន្លែងស្នាក់នៅថ្មីជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញបទបញ្ជាណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការរុករក និងជួយសង្គ្រោះមនុស្សដែលកំពុងបាត់ខ្លួន ព្រមទាំងជម្លៀសប្រជាពលរដ្ឋ និងអ្នកដំណើរដែលស្ថិតក្នុងហានិភ័យទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងពង្រឹងប្រព័ន្ធតាមដាន និងព្រមានជាមុន ដើម្បីបង្ការគ្រោះមហន្តរាយបន្ទាប់បន្សំផ្សេងទៀត។

ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការជាតិសម្រាប់ការការពារ ការកាត់បន្ថយ និងការសង្គ្រោះគ្រោះមហន្តរាយ រួមជាមួយក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន ក៏បានប្រកាសអាសន្នកម្រិតទី២ ថ្នាក់ជាតិ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្គ្រោះនេះ។

យ៉ាងណាមិញ ដើម្បីដោះស្រាយស្ថានភាពជាក់ស្តែង រដ្ឋាភិបាលចិនបានបញ្ជូនកងកម្លាំងសង្គ្រោះអាជីព និងវិស្វករជំនាញមកពីក្រុមហ៊ុនរដ្ឋ China Anneng រួមជាមួយកងទ័ពរំដោះប្រជាជនចិន ចូលទៅកាន់តំបន់រងគ្រោះភ្លាមៗ។ ដោយសារផ្លូវគោក ទំនាក់ទំនង និងបណ្តាញអគ្គិសនីជុំវិញច្រកព្រំដែនត្រូវបានបំផ្លាញទាំងស្រុង ក្រុមសង្គ្រោះបានប្រើប្រាស់ដ្រូនសម្រាប់ហោះហើរពិនិត្យស្ថានភាពពីលើអាកាស និងព្យាយាមបង្កើតបណ្តាញទាក់ទងឡើងវិញ។

ជាងនេះទៀតនោះ សមាគមកាកបាទក្រហមចិន បានចាត់ចែង និងបញ្ជូនសម្ភារសង្គ្រោះបន្ទាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់ទីបេ ដែលរួមមាន ទឹកបរិសុទ្ធ និងស្បៀងអាហារជាង ៥,៥០០ ប្រអប់ ព្រមទាំងតង់ស្នាក់នៅ បណ្តុំសម្ភារអនាម័យ ភួយ ពូកដេក និងអាវរងាជិត ២,០០០ ឈុត ព្រមទាំងបង្កើតក្រុមការងារពិសេសដើម្បីតាមដានស្ថានភាពអាកាសធាតុជាប្រចាំ ព្រោះមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងតំបន់ជួរភ្នំ៕

អត្ថបទដែលជាប់ទាក់ទង