តំណាងរាស្រ្តភាគខាងត្បូង ឲ្យអនុទីន ក្លាហាន ​កុំគេចវេះ ករណីកងទ័ពថៃ បើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិល

កំពុងតែចលាចលដោយសារក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបណ្តាក់គ្នាផ្ទួនៗ រួចស្រាប់ទៅហើយនោះ កងកម្លាំងថៃ បែរជាបញ្ឆេះកម្តៅ ដោយបើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិលទៀត រុញសភាពការណ៍ភាគខាងត្បូង ឲ្យកាន់តែវឹកវរ ហើយឥឡូវ តំណាងរាស្រ្តនៅភាគខាងត្បូង ទាមទារឲ្យ អនុទីន មានទំនួលខុសត្រូវ កុំគេចវេះឲ្យសោះ។

(រូប៖ Amarin TV)

បុរសមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូ ៣គ្រឿង ត្រូវបានឧទ្ធម្ភាគចក្រមួយគ្រឿង ដេញតាមបាញ់ បណ្តាលឲ្យមនុស្សម្នាក់ ត្រូវរបួសធ្ងន់ ក្នុងឃុំ Chang Phueak នៃស្រុក Chan Nae ខេត្ត Narathiwat។

ករណីនេះ បានបង្កើតឲ្យមានការជជែកវែកញែកគ្នាយ៉ាងក្តៅគគុក ហើយផ្ទុះការទាមទារឲ្យរដ្ឋាភិបាលទីក្រុងបាងកក បង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកការពិតឲ្យឃើញ។

(រូប៖ Amarin TV)

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់អនុទីន មិនទទួលស្គាល់ឡើយ ដោយចេញមុខបដិសេធថា គ្មានរឿងបែបនោះកើតឡើងទេ ហើយទាត់ចោលការចោទប្រកាន់ទាំងនេះ ថាជាការប្រតិដ្ឋ។

អានុទីន មិនព្រមបង្កើនគណៈកម្មាធិការឡើយ ដោយថា ខ្លួនគ្មានអំណាច ព្រោះតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចសម្រេចចុងក្រោយ គឺស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ ៤។

(រូប៖ Amarin TV)

ឥឡូវ តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ តំណាងរាស្រ្តប្រចាំខេត្តភាគខាងត្បូង និងជាសកម្មជនសិទ្ធមនុស្ស លោក Romadon Panjor បានបោះសម្តីទៅ អនុទីន ឲ្យនាយករដ្ឋមន្ត្រីរូបនេះ មានភាពក្លាហាន កុំគេចវេះពីការទទួលខុសត្រូវ ហើយត្រូវបង្កើនគណៈកម្មាធិការស្វែងរកការពិតមួយ ចូលទៅក្នុងករណីនេះ។

លោកនិយាយថា អនុទីន មិនត្រូវបដិសេធ ឬគេចវេះពីការទទួលខុសត្រូវឡើយ! ខ្លួនជានាយករដ្ឋមន្ត្រី​ ដែលមានអំណាចពេញដៃ ដូច្នេះគួរតែប្រញាប់ បង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតការពិត។ ទោះបីជាខេត្តជាប់ព្រំដែនភាគខាងត្បូងទាំងបី ស្ថិតក្រោមច្បាប់អាជ្ញាសឹកមែន ប៉ុន្តែតំបន់ទាំងនោះ នៅតែស្ថិតក្នុងដែនដីនៃប្រទេសថៃដដែល។ ដូច្នេះ មេបញ្ជាការយោធភូមិភាគ៤ នៅតែស្ថិតក្រោមបទបញ្ជារបស់អនុទីន ហើយរដ្ឋថៃ នៅតែរក្សាប្រព័ន្ធច្បាប់ដូចដើម។

លោក Romadon Panjor 

ទន្ទឹមនោះដែរ លោក Romadon បានលើកយកករណីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលចុះហត្ថលេខាលើបទបញ្ជាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៤ ឲ្យតែងតាំងគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបរកការពិត ជុំវិញព្រឹត្តិការណ៍សម្លាប់មនុស្ស នៅស្រុក Tak Bai ខេត្ត Narathiwat។

ដូចនេះ លោក Romadon បោះសម្តីថា ការយកលេសថានាយករដ្ឋមន្ត្រីខ្វះអំណាច គ្រាន់តែជាការគេចវេះ មិនហ៊ានទទួលខុសត្រូវប៉ុណ្ណោះ។ ការបណ្តោយឲ្យមេបញ្ជាការភូមិភាគ៤ បង្កើតយន្តការត្រួតពិនិត្យស្វ័យតខ្លួនឯង គឺកាន់តែធ្វើឲ្យសាធារណជន លែងទុកចិត្តលើកងទ័ព និងបំផ្លាញភាពស្របច្បាប់របស់រដ្ឋទៀតផង៕

អត្ថបទដែលជាប់ទាក់ទង