​អ្នកបាត់ខ្លួន​​​ក្នុងគ្រោះមហន្តរាយ​បាក់ផ្ទាំងទឹកកក​នៅ​នេប៉ាល់​-ចិន​ កើន​ដល់ ​២៤០០​នាក់ អ្នកស្លាប់​កើន​ជិត​៦០០នាក់​ ខណៈសាកសពខ្លះ​អណ្តែតដល់​ប្រទេសឥណ្ឌា​

ចំនួនមនុស្សបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់ និងប្រទេសចិន បានកើនឡើងលើស ២ ៤០០ នាក់ហើយ ដែលនេះបង្ហាញយ៉ាងច្បាស់ពីទំហំនៃគ្រោះមហន្តរាយ បន្ទាប់ពី​​​ការ​​បាក់​​​​​​ផ្ទាំងទឹកកក​​​លើ​កំពូលភ្នំ​​​​តំបន់​ជួរភ្នំហិម៉ាល័យ​​តាម​ព្រំដែន​​នេប៉ាល់ និង​តំបន់​ទីបេ​របស់​ចិន​​ ដោយ​​​បាន​បង្កើត​ជាកម្លាំង​រុញ​ច្រាន​ដ៏ខ្លាំង​​ ដូច​​រលករញ្ជួយ​យក្សស៊ូណាមិ នៅ​ថ្ងៃទី​​២៦ខែ​​សីហា​​នេះ​។

​​​​កម្លាំងទឹក​​ធ្លាក់​ពិលើ​កំពូល​​​​ភ្នំ​នោះ បានវាយប្រហារបោសសម្អាតភូមិឋាន​ តំបន់​ប្រជុំជន សណ្ឋាគារ​ ស្ពានថ្នល់ ​ទំនប់​វារីអគ្គិសនី​នានា និងសម្លាប់មនុស្សអស់រាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្រុមសង្គ្រោះបានខិតខំជំរុ​ញឆ្លងកាត់ភក់ជ្រោះ ទោះបីជាមានការគំរាមកំហែងពីគ្រោះទឹកជំនន់ថ្មីៗកើតមានឡើង​ក៏ដោយ ដោយក្រុមសង្គ្រោះបន្ទាន់បានរកឃើញសពចំនួន ៥៨៦ នាក់រហូតមកដល់ពេលនេះ ហើយ​សព​មួយចំនួនត្រូវទឹកហូរនាំយកទៅឆ្ងាយរហូតដល់ប្រទេសឥណ្ឌា។

តួលេខថ្មីនេះត្រូវ​បាន​បង្ហាញ​ ខណៈដែលអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ​នៃ​ប្រទេស​នេប៉ាល់ បានបន្ថែមកម្មករ​វារីអគ្គិសនីចំនួន ៩៣៣ នាក់ ទៅក្នុងបញ្ជីឈ្មោះមនុស្សបាត់ខ្លួន ដែលកន្លងមកមានរួមបញ្ចូលទាំងអ្នកដើរ​​​ផ្សងប្រេង​តាម​តំបន់​ភ្នំ និងអ្នក​ដើរ​ស្វែងរក​បុណ្យ​ (អ្នកធ្វើធម្មយាត្រា) ទៅកាន់ភ្នំ sacred Mount Kailash ដ៏ពិសិដ្ឋរបស់ទីបេផងដែរ។

​យោង​តាមការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័តមាន AFP ​សាច់ញាតិ​របស់​អ្នកស្លាប់​និង​បាត់ខ្លួន បានប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅតាមមន្ទីរពេទ្យនានាក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់ ​ដើម្បី​ស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេដោយការឈឺចាប់ សោកសង្រេងយ៉ាងពន់ពេក ដោយពួកគេ​មានការបិទរូបថត និងឈ្មោះរបស់អ្នកបាត់ខ្លួននៅលើជញ្ជាំង​។

អង្គការស៊ើបអង្កេតភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បាននិយាយថា គ្រោះមហន្តរាយនេះ ដែលជាគ្រោះមហន្តរាយសម្លាប់មនុស្សច្រើនបំផុតសម្រាប់ប្រទេសនេប៉ាល់ចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ ២០១៥ មក គឺបណ្តាលមកពីការបាក់ផ្ទាំងទឹកកក ដែលបង្កឱ្យមានលំហូរកម្ទេចកំទីទឹកកកយ៉ាងសន្ធឹកសន្ធាប់។

ការហូរធ្លាក់នៃទឹកកក និងភក់ក៏បានបណ្តាលឱ្យកើតមានបឹងធំៗ ហើយការកកើតឡើងនៃបឹងមួយក្នុងចំណោមបឹងទាំងនេះ បានក្លាយជាការគំរាមកំហែងផ្ទាល់ដល់ក្រុមការងារសង្គ្រោះបន្ទាន់ដែលកំពុងរុករកអ្នករស់រានមានជីវិតនៅក្នុងតំបន់នោះ។

នគរបាលនេប៉ាល់បានអំពាវនាវឱ្យក្រុមសង្គ្រោះទាំងអស់ «ផ្លាស់ទីទៅកាន់ទីតាំងប្រកបដោយសុវត្ថិភាពជាបន្ទាន់» ដោយនិយាយថា ខ្លួនទទួលបានព័ត៌មានថា «ទំនប់ទឹកបានបាក់ម្តងទៀតនៅខាងភាគីទីបេ»។

នៅទីបេ ប្រទេសចិនត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការសង្គ្រោះរបស់ខ្លួននៅតំបន់ ជីរ៉ុង (Gyirong)​ដែល​រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារហានិភ័យនៃគ្រោះទឹកជំនន់ជាថ្មីកាលពីថ្ងៃសុក្រ មុនពេលប្រកាសថាការគំរាមកំហែងនេះបានធូរស្រាលវិញ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា បឹងដែលកកើតឡើងដោយគំនរកម្ទេចកំទីយ៉ាងសន្ធឹកសន្ធាប់ បានចាប់ផ្តើមហូរហៀរឆ្ពោះទៅកាន់ទិសដៅដែលក្រុមសង្គ្រោះកំពុង​ឆ្ពោះទៅ​​ ប៉ុន្តែក្រោយមកបាននិយាយថាកម្រិត​ទឹកនៅក្នុងបឹងនោះបានស្រកចុះវិញហើយ៕​​

 

(3) Facebook

អត្ថបទដែលជាប់ទាក់ទង