អាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នាជាថ្មី បង្កាត់ភ្លើងសង្គ្រាមឡើងវិញ

កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារដាក់គ្នា សាជាថ្មី រុញសភាពការណ៍មជ្ឈិមបូព៌ា ឲ្យតានតឹងឡើងវិញ ក្រោយធូរស្រាលបានប្រមាណ មួយខែប៉ុណ្ណោះ។

តាមការផ្សាយរបស់ CNN, សហរដ្ឋអាមេរិក បានបញ្ជាដ្រូនទៅទម្លាក់គ្រាប់បែក លើទីតាំងចំនួន២ របស់កងឆ្មាំបដិវត្តន៍ (IRGC) លើកោះ Larak គោលបំណងកម្ទេចមូលដ្ឋានបាញ់មីស៊ីល។

ជុំវិញរឿងនេះ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Tim Hawkins អះអាងថា វាគឺជាការវាយប្រហារបង្ការទុកជាមុន ព្រោះខ្លួនមើលឃើញថា IRGC កំពុងរៀបចំដាក់ពង្រាយមីនសមុទ្រ ចូលទៅច្រក Hormuz ទៀតហើយ។

យ៉ាងណា ក្នុងការវាយប្រហារនោះ ត្រូវបានអ៊ីរ៉ង់អះអាងថា បណ្តាលឲ្យទាហាន ព្រមទាំងជនស៊ីវិលរបស់ខ្លួន ជាច្រើននាក់ ស្លាប់និងរបួស។

មិននៅស្ងៀមឡើយ ទីក្រុងតេហេរ៉ង់ ក៏សងសឹកវិញភ្លាមៗ តាមរយៈការបាញ់ទាំងមីស៊ីលបាលីស្ទិក និងដ្រូន សំដៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្សកដានី ដ្បិត CENTCOM អះអាងពីការស្ទាក់ចាប់បានមីស៊ីល និងដ្រូនទាំងអស់នោះក៏ដោយ។

ក្នុងសេចក្តីថ្លែងការណ៍មួយ IRGC អះអាងថា ប្រតិបត្តិការ ដែលមានឈ្មោះ «ការដាក់ទោសទណ្ឌលើជនឈ្លានពាន» បានកំណត់គោលដៅ វាយប្រហារលើមូលដ្ឋានទ័ព King Hussein និង Al-Azraq ដោយកម្ទេច ទីតាំងបច្ចេកទេស និងកន្លែងជួសជុល ព្រមទាំងឃ្លាំងយន្តហោះចម្បាំងរបស់សត្រូវ ទៀតផង។

សូមជម្រាបថា ប្រតិបត្តិការនេះ ជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់អាមេរិក លើអ៊ីរ៉ង់ ចាប់តាំងពីចុងខែកក្កដាមក ក្រោយពេលលោក ដូណាល់ ត្រាំ ផ្អាកសកម្មភាពយោធាសិន ហើយបង្វែរទៅរកការប្រកាសសង្គ្រាមសេដ្ឋកិច្ចវិញ ដើម្បីខ្ទប់ដង្ហើម កាត់ផ្តាច់លំហូរផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងតេហេរ៉ង់៕

 

អត្ថបទដែលជាប់ទាក់ទង