កប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត រងការវាយប្រហារនៅច្រក Hormuz ស្លាប់នាវិកហ្វីលីពីន ២នាក់
ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ស្រាប់តែផ្ទុះកក្រើកឡើងវិញ ដោយអាមេរិក-អ៊ីរ៉ង់ បានបាញ់តដៃគ្នា ជាថ្មីរុញសភាពការណ៍ ឈានដល់កម្រិតតានតឹង ហើយចុងក្រោយនេះ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ថែមទាំងវាយប្រហារលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត ក្នុងច្រក Hormuz ទៀត បណ្តាលឲ្យនាវិក ២នាក់ស្លាប់។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ កប៉ាល់នោះ មានឈ្មោះ Sidr ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Bahri ដែលរងការវាយប្រហារនៅភាគខាងជើងឧបទ្វីប Musandam របស់អូម៉ង់ ស្លាប់នាវិក ២នាក់ជាជនជាតិ ហ្វីលីពីន។
ជុំវិញរឿងនេះ អារ៉ាប៊ីសាអូឌីត បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ប៉ុន្តែទីក្រុងតេហេរ៉ង់ មិនទាន់ឆ្លើយតបអ្វីទេ គ្រាន់តែបង្ហើបមុននេះថា កប៉ាល់នោះ រួមជាមួយកប៉ាល់មួយទៀត Senegal Prosperity ដែលមានម្ចាស់ជាក្រុមហ៊ុនកូរ៉េខាងត្បូង បានធ្វើដំណើរឆ្លងកាត់ច្រក Hormuz ដោយគ្មានការអនុញ្ញាត ហើយត្រូវចំមីនសមុទ្រ បណ្តាលផ្ទុះឆាបឆេះ។

រឿងនេះកើតឡើង ស្របពេលអាមេរិក បើកយុទ្ធនាការវាយប្រហារអ៊ីរ៉ង់ សាជាថ្មី ២ថ្ងៃជាប់គ្នា ខណៈរបាយការណ៍ចុងក្រោយ បង្ហាញថា មនុស្ស ១៨នាក់បានបាត់បង់ជីវិត និង ១០៨នាក់ ត្រូវរបួស ក្នុងនោះមានទាំងអ្នកដែលចូលរួមពិធីមង្គលការមួយ ផងដែរ។
កាលពីថ្ងៃពុធ អាមេរិកបានបាញ់ប្រហារលើទីតាំងនានានៅកោះ Sirik និង Qeshm ព្រមទាំងទីក្រុង Bandar Abbas, Chabahar និង Konarak ចំណែកអាកាសយានដ្ឋានមួយ ក្នុងទីក្រុង Jiroft ក៏រងការទម្លាក់គ្រាប់បែក យ៉ាងដំណំផងដែរ។

មួយថ្ងៃមុននេះ កងកម្លាំងអាមេរិក ថែមទាំងបញ្ជាដ្រូនទៅទម្លាក់គ្រាប់បែក លើទីតាំងចំនួន២ របស់ IRGC លើកោះ Larak ទៀតផង គោលបំណងកម្ទេចមូលដ្ឋានបាញ់មីស៊ីល។
ជុំវិញរឿងនេះ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Tim Hawkins អះអាងតាំងពីដំបូងថា វាគឺជាការវាយប្រហារបង្ការទុកជាមុន ព្រោះខ្លួនមើលឃើញថា IRGC កំពុងរៀបចំដាក់ពង្រាយមីនសមុទ្រ ចូលទៅច្រក Hormuz ក្នុងបំណង បំផ្ទុះកប៉ាល់ពាណិជ្ជកម្ម៕
