អភិបាលរាជធានីភ្នំពេញ កំពុងរកវិធានការទប់ស្កាត់ទីតាំងបាក់ច្រាំងមួយកន្លែងនៅផ្សារក្រមួន ក្នុងសង្កាត់ព្រែកលៀប
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែង នៅចំណុច ផ្សារក្រមួន ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ខណៈទីតាំងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥។
លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប បានឱ្យដឹងថាច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីរាត្រីទៀបភ្លឺថ្ងៃទី១៥ ខែតុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ។ ក្រោយកេីតហេតុភ្លាមៗ លោក ឃួង ស្រេង ក៏ចាត់ឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយនៅរាត្រីទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក៏បានបាក់បន្តទៀត។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិនេះអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាខ្លាំង ពោលគឺ បានដោះស្រាយជូនពលរដ្ឋភ្លាមៗ។
ក្នុងឱកាសចុះពិនិត្យនោះ លោក ឃួង ស្រេង បានណែនាំដល់មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ។ ទន្ទឹមនេះក៏បានធ្វើលិខិតស្នើទៅក្រសួងធនធានទឹក និងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំងខាងលើបន្តទៀតដើម្បីបង្វែផ្លូវទឹកកុំឲ្យទឹកហូរបុកទីតាំងនេះបណ្តាលឱ្យបាក់ស្រុតបន្តទៀត។ ការណ៍នេះប្រជាពលរដ្ឋសប្បាយរីករាយបន្ទាប់ពី លោកឃួង ស្រេង បានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញនៅចំណុចនោះ ដើម្បីសម្រួលការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេខាងលើហើយ នារសៀលថ្ងៃដដែលនេះ លោក ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះបន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕

