ក្រសួងព័ត៌មាន ដកហូតប្រកាសបណ្ណព័ត៌មានចំនួន២ ករណីបំពានច្បាប់ស្ដីពីរបបសារព័ត៌មាន
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសម្រេចដកហូតប្រកាសបណ្ណព័ត៌មានចំនួន២ ដោយសារម្ចាស់អង្គភាពទាំងនោះបានបំពានច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះធ្វើឡើងស្របតាមនីតិវិធីច្បាប់ និងកំពុងអនុវត្តបន្តទៅតាមនីតិវិធីតុលាការ។
ការដកហូតប្រកាសបណ្ណព័ត៌មានទាំងពីរនេះ រួមមាន៖ របស់លោក ឈៀង ថារិទ្ធ ដែលជាម្ចាស់សហគ្រាសគេហទំព័រ ខ្មែរភក្ដី (www.kpd-news.com) និងប្រកាសរបស់លោក ឆៃ សុចិត្ត ដែលជាម្ចាស់សហគ្រាសគេហទំព័រ ស៊ីប៊ីអិនធីវីអនឡាញ (www.cbntvonline.com)។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ការបំពានច្បាប់នេះតម្រូវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីធានានូវសណ្ដាប់ធ្នាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
វិធានការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រសួងព័ត៌មានក្នុងការរក្សានូវភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់បណ្ដាអង្គភាពសារព័ត៌មានទាំងអស់ ស្របតាមច្បាប់ជាធរមាន។ ក្រសួងក៏បានអំពាវនាវដល់ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ឱ្យគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មានប្រកបដោយគុណភាព និងភាពជឿទុកចិត្ត៕



