វៀតណាម ត្រៀមបង្ហាញសាច់ដុំយោធា ក្នុងពិព័រណ៍សព្វាវុធដ៏ធំ ចុងឆ្នាំនេះ​ ទាក់ទាញប្រតិភូជាង៣០ប្រទេស

គណៈប្រតិភូចំនួន ៤៤ មកពីជាង ៣០ ប្រទេស បានចុះឈ្មោះចូលរួមរួចជាស្រេច ខណៈដែលវៀតណាម នឹងបង្ហាញសាច់ដុំផ្នែកយោធារបស់ខ្លួន ក្នុងការពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Gia Lam ក្នុងទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ខាងមុខនេះ។

រូបភាព ៖ tuoitre
រូបភាព ៖ tuoitre

គណៈកម្មការរៀបចំបានឱ្យដឹងថា ពិធីបើកនឹងមានការសម្តែងសិល្បៈ ពិធីការបើកជាផ្លូវការ ការបង្ហាញសមត្ថភាពពីកងកម្លាំងពិសេស និងការហោះហើរបង្ហាញពីឧទ្ធម្ភាគចក្រនៃកងការពារអាកាស និងកងទ័ពអាកាសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Tuoitre ចុះផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ Nguyen Duy Minh អនុប្រធាននាយកដ្ឋានទំនាក់ទំនងបរទេស នៃក្រសួងការពារជាតិ បាននិយាយថា គណៈប្រតិភូទាំង ៤៤ ដែលបានចុះឈ្មោះ រួមមាន រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការរង អនុរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការនៃកងទ័ព និងប្រភេទទ័ពនានា។

សម្រាប់ការតាំងពិព័រណ៍នេះ មានស្ថាប័ន និងក្រុមហ៊ុនចំនួន ១៨៩ មកពី ៣៦ ប្រទេស បានចុះឈ្មោះដាក់បង្ហាញផលិតផលរបស់ពួកគេ ដោយមានស្តង់តំណាងជាតិផ្លូវការចំនួន ១៦ តំណាងឱ្យប្រទេសនានា រួមមាន រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន បារាំង ឥណ្ឌា និងតួកគី។

ខុសពីការតាំងបង្ហាញអាវុធធុនធ្ងន់បែបប្រពៃណី ផ្ទៃខាងក្រោយនៃពិព័រណ៍លើកទី ៣ នេះ គឺការបោះជំហានទៅរកបច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា ប្រព័ន្ធមនុស្សយន្តយោធា បច្ចេកវិទ្យាលំហអាកាស ឧបករណ៍អេឡិចត្រូនិកពាក់កណ្តាលចម្លង និងបណ្តាញឌីជីថលជំនាន់ថ្មី ដែលជាតម្រូវការចាំបាច់ក្នុងសង្រ្គាមសម័យទំនើប។

បច្ចុប្បន្ន ប្រទេសចំនួនបួន រួមមាន អាមេរិក អង់គ្លេស ជប៉ុន និងប៊ុលហ្ការី បានបញ្ជាក់ពីការចូលរួមរបស់ពួកគេហើយ ខណៈអ្នករៀបចំកម្មវិធីកំពុងបន្តការពិភាក្សាជាមួយប្រទេសស្លូវ៉ាគី។

ទោះជាយ៉ាងណា ពិព័រណ៍ឆ្នាំ ២០២៦ នេះប្រព្រឹត្តទៅចំពេលដែលស្ថានភាពសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូងមានភាពតានតឹង។ វៀតណាមចង់ប្រើប្រាស់វេទិកានេះដើម្បីបង្ហាញពីសមត្ថភាពឧស្សាហកម្មការពារជាតិស្វ័យភាពរបស់ខ្លួនផង និងពង្រឹងសម្ព័ន្ធភាពមិត្តភាពជាមួយមហាអំណាចធំៗ ក្រោមប្រធានបទ «សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ» ផងដែរ។

គួររំលឹកផងដែរថា កាលពីការតាំងពិព័រណ៍ឆ្នាំ ២០២៤ កន្លងទៅ មានក្រុមហ៊ុនចំនួន ២៤២ និងគណៈប្រតិភូអន្តរជាតិចំនួន ៦៦ ចូលរួម (ក្នុងនោះមាន ៧ គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ) និងទទួលបានអ្នកចូលទស្សនាជាង ៣៦០,០០០ នាក់។ នៅក្នុងព្រឹត្តិការណ៍នោះ កិច្ចសន្យាសរុបចំនួន ១៦ ដែលមានតម្លៃ ២៨៦.៣ លានដុល្លារអាមេរិក និងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៧ ត្រូវបានចុះហត្ថលេខា ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ក្រសួងការពារជាតិក្នុងការរៀបចំពិព័រណ៍ឆ្នាំ ២០២៦ នេះ៕

អត្ថបទដែលជាប់ទាក់ទង