ទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីតាំងស្ពានព្រះរាជដំណាក់ ដែលបានតុបតែងរៀបចំឡើងជាមួយរចនាបថខ្មែរ ត្រៀមសម្រាប់បុណ្យចូលឆ្នាំថ្មី
នៅសល់ប្រមាណជាង ២ សប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង គ្រិស្តសករាជ ២០២៤ នឹងឈានចូលមកដល់ ខណៈបច្ចុប្បន្ននៅតាមភូមិស្រុក វត្តអារាម និង ទីរួមខេត្តនានា បានត្រៀមរៀបចំតុបតែងលម្អជាបណ្ដើរៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតចូលមកដល់ឆាប់ៗនេះ។
ជាក់ស្ដែង ថ្មីៗនេះ បើតាមអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីតាំងស្ពានព្រះរាជដំណាក់ ដែលបានតុបតែងរៀបចំឡើងជាមួយរចនាបថខ្មែរ មានភ្លើងភ្លឺចិញ្ចាចអមដងស្ពាន សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលមកលេងទស្សនាកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំរោង ឆ្នាំថ្មីនេះ ទេវតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម មហោទរាទេវី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ៕