បើកឆាកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៥ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៥ម៉ឺននាក់

(ជប៉ុន)៖ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅបរិវេណឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នៅទីក្រុងតូក្យូ ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករប្រមាណជាង ៥ម៉ឺននាក់ ។

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញការវិនិយោគ ទេសចរណ៍ ផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេសផ្សេងទៀត ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣ ដល់ ៤ ខែឧសភា ឆ្នាំ២០២៥ ដែលការរៀបចំនេះធ្វើឡើងស្របនឹងពេលឈប់សម្រាក (golden week) របស់ប្រជាជនជប៉ុន ។

ក្នុងឱកាសនោះ ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន មានប្រសាសន៍ពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងដ៏មានផ្លែផ្ការវាងកម្ពុជា និងជប៉ុន ការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិកាគ្រប់វិស័យ ក្រោម “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”រវាងប្រទេសទាំងពីរ ។

ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានលើកឡើង អំពីសក្កានុពលវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា “មាសបៃតង” ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានភាពទាក់ទាញល្បីល្បាញទូទាំងពិភពលោក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់កិច្ចសហការគាំទ្រកន្លងមក និងស្នើសុំបន្តគាំទ្រ ជាពិសេសជុំវិញកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា-ជប៉ុន ឱ្យកាន់តែទូលំទូលាយថែមទៀត។

ជាមួយគ្នានេះ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជា បានមានប្រសាសន៍ ពីទំនាក់ទំនងកាន់តែល្អប្រពៃ និងរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសកម្ពុជា និងជប៉ុន ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ តួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការកសាងសន្តិភាព ក្នុងអំឡុងទសវត្សរ៍៩០ កសាងប្រទេសឡើងវិញ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ។

ឯកឧត្ដម ឯកអគ្គរាជទូត មានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយថាមពលដ៏ក្លៀវក្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសក្តានុពលវិនិយោគ ព្រមទាំងកាលានុវត្តភាពដ៏ល្អប្រសើរបំផុតរបស់ប្រទេសកម្ពុជា សម្រាប់វិនិយោគិនបរទេស និងវិស័យទេសចរណ៍ ។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ មិត្តជប៉ុន ក៏ដូចជា ភ្ញៀវអន្តរជាតិទាំងអស់ដែលបានអញ្ជើញចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍តាំងពិព័រណ៍កម្ពុជានេះ ព្រមទាំងបានសំដែងការអរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកគណៈកម្មការរៀបចំពិព័រណ៍កម្ពុជា រួមទាំង យុវជន យុវនារី និងកុមារា កុមារី សិស្សនិស្សិតខ្មែរ និងជប៉ុន អ្នកស្ម័គ្រចិត្តទាំងអស់ និងអ្នកសំដែងរបាំ និងចម្រៀង ដែលបានញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ឯកឧត្តមក៏បានគូសបញ្ជាក់តម្លៃពុំអាចកាត់ថ្លៃបានចំពោះការចូលរួមចំណែក និងការលះបង់របស់ពួកគេទាំងអស់គ្នាក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរពិត ។

សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួន ៨០ បានដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មុខម្ហូបខ្មែរ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងសក្តានុពលវិនិយោគនានា ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កុមារាកុមារីខ្មែរនៅជប៉ុន ក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង