លោក ត្រាំ ប្រជុំ​ផ្នែកសន្តិ​​សុខ​​បន្ទាន់ ខណៈ ​អាមេរិក ត្រៀមបើកការវាយប្រហារ ​អ៊ីរ៉ង់​ ជា​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ បាន​​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fox News ថា ​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ជួបពិភាក្សាជាមួយ​ក្រុមការងារសន្តិ​សុខជាតិ​របស់លោក​ កាលពី​ថ្ងៃព្រហស្បតិ៍ ទី​៥ ខែ​វិច្ឆិកា ដើម្បី​ពិចារណាថា​ តើគួរចាប់ផ្តើម​ប្រតិបត្តិការយោធា​ប្រឆាំងនឹង​ប្រទេសអ៊ីរ៉ង់​ឡើងវិញ​ឬយ៉ាងណា។

មន្ត្រីទាំង​នោះបាន​ឱ្យដឹងថា មាន​កិច្ចប្រជុំមួយ​ចំនួន​បាន​ធ្វើឡើង នៅសេតវិមាន​កាល​ពីថ្ងៃពុធ ទី៤ និង​ព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា។ ការប្រជុំបន្ទាន់នេះ កើតឡើង ស្របពេលដែលនៅ​ថ្ងៃទី៩ ខែវិច្ឆិកា នឹង​មានព្រឹត្តិការណ៍​ខែរលត់ (ព្រះចន្ទ​ថ្មី) នៅ​តំបន់មជ្ឈិមបូព៌ា ដែលមានន័យថា​ ពន្លឺព្រះចន្ទ​ នឹងមានតិចតួច​បំផុត ​ឬគ្មាន​ពន្លឺតែម្តង ​ដែល​ជាលក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ប្រតិបត្តិ​ការ​យោធា​។

យន្តហោះ​ចម្បាំង​អាមេរិក​

លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ថា៖ «​ទីក្រុងវ៉ាស៊ីន​តោន​ នឹងធ្វើការ​សម្រេចចិត្តមួយ​ ជុំវិញការ​បន្តសង្គ្រាមឡើងវិញ ឬអត់។ តើយើង​ចង់​បន្តទៅមុខ​ទៀតដែរឬ​ទេ? តាមរយៈការវាយ​ប្រហារនានា ​ដើម្បីធានា​ថា កម្មវិធីនុយក្លេអ៊ែររបស់ ​អ៊ីរ៉ង់​ ត្រូវបានបញ្ចប់ទាំងស្រុង ហើយ​​ វានឹងមិនកើតឡើង​ជាថ្មីទៀត​។ ប្រសិន​បើអាច​ធ្វើ​ទៅ​បាន ខ្ញុំ​មិន​ចង់​បំផ្លាញផ្នែក​ដែល​នៅសល់ទេ ប៉ុន្តែប្រហែល​ជាខ្ញុំ​ចាំបាច់ត្រូវ​ធ្វើ​។ ​អ្នកទាំងអស់គ្នា​ នឹងបាន​ដឹងក្នុងពេលឆាប់ៗ​នេះ»។

យោង​តាមសេចក្តីរាយការណ៍​មួយ​ ដកស្រង់សម្តីមន្ត្រី​អាមេរិកម្នាក់ ​បញ្ជាការដ្ឋាន​កណ្តាលសហរដ្ឋ​អាមេរិក កំពុងត្រៀមខ្លួនរួចរាល់សម្រាប់​ការបន្ត​ប្រតិបត្តិការ​ធំៗឡើង​វិញ​ នៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិន​ទាន់ទទួល​បាន​ការណែនាំថ្មីណាមួយ​ពីទីក្រុងវ៉ាស៊ីនតោននៅ​ឡើយទេ។

យ៉ាងណាក៏ដោយ នាយក​រដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Faleh Al-Zaidi​ ក៏បាន​ប្រាប់ លោក ត្រាំ អំឡុងពេល​សន្ទនា​តាមទូរស័ព្ទកាល​ពីថ្ងៃព្រហស្បតិ៍​ ទី៥ ខែតុលា ថា ទឹកដី​អ៊ីរ៉ាក់​ មិនត្រូវបាន​អនុញ្ញាតឱ្យប្រើប្រាស់​ ដើម្បីធ្វើការ​វាយប្រហារ​ទៅលើប្រទេស​ជិតខាង​ឡើយ។

យន្តហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​

ការិយាល័យ​នាយករដ្ឋមន្ត្រី បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា៖ «​លោក​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ពី​ជំហរ​របស់អ៊ីរ៉ាក់ ដែល​អំពាវ​នាវឱ្យមានការគោរព​​អធិបតេយ្យភាព​របស់រដ្ឋនានា និងមិនអនុញ្ញាត​ឱ្យប្រើប្រាស់ទឹកដីរបស់​ខ្លួនជាមូលដ្ឋាន​ សម្រាប់ការ​ឈ្លានពានប្រឆាំងនឹង​ប្រទេសជិតខាង​ឡើយ​»៕

អត្ថបទដែលជាប់ទាក់ទង