អាមេរិកផ្តើមទម្លាក់គ្រាប់បែក កម្ទេចរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
បរទេស ៖ លោក ប្រធានាធិបតី Donald Trump បានប្រកាស នៅព្រឹកថ្ងៃអាទិត្យនេះថា កងកម្លាំងយោធាអាមេរិក បានទម្លាក់គ្រាប់បែក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ដោយបញ្ចប់រយៈពេលនៃការពិភាក្សាមួយសប្តាហ៍ ជុំវិញការចូលរួម ក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងបានរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង។
លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «យើងបានបញ្ចប់ការវាយប្រហារ ដោយជោគជ័យ ទៅលើទីតាំងនុយក្លេអ៊ែរ រួមមាន Fordow, Natanz និង Esfahan ដោយលោកបញ្ជាក់បន្ថែមថា «យន្តហោះចម្បាំងទាំងអស់ ឥឡូវនេះ ស្ថិតនៅក្រៅលំហអាកាសអ៊ីរ៉ង់»។
វាជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ពោលគឺចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧៩ ដែលប្រធានាធិបតីអាមេរិកបានពង្រាយកងទ័ពអាកាស កំណត់គោលដៅវាយប្រហារទីតាំងសំខាន់ៗ របស់សាធារណរដ្ឋឥស្លាម មួយនេះ។
គួររម្លឹកថា ខណៈដែលលោក Trump កំពុងពិចារណាលើការសម្រេចចិត្តចូលរួមឬអត់នោះ អ៊ីរ៉ង់ធ្លាប់បានប្តេជ្ញា សងសឹកចំពោះការឈ្លានពាន របស់សហរដ្ឋអាមេរិក អាចនឹងវាយកម្ទេចទ្រព្យសម្បត្តិយោធារបស់អាមេរិក យ៉ាងច្រើន នៅក្នុងតំបន់៕
ប្រភពពី CNN