សមត្ថកិច្ចចម្រុះថៃ បានរឹបអូសប្រាក់ជាង ១១លានបាត និងគ្រឿងអលង្ការមាស យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតំបន់ក្បែរច្រកជាំស្រងាំ
សមត្ថកិច្ចចម្រុះថៃ បានរឹបអូសប្រាក់ជាង ១១លានបាត និងគ្រឿងអលង្ការមាស យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតំបន់ក្បែរច្រកជាំស្រងាំ ខេត្តស៊ីសាកេត ពីស្ត្រីខ្មែរម្នាក់ដែលមានស្វាមីជាជនជាតិថៃដោយមានការសង្ស័យពាក់ព័ន្ធទុនខុសច្បាប់ ខណៈម្ចាស់បញ្ជាក់ថា ធ្វើអាជីវកម្មនាំចេញទំនិញមកកម្ពុជា និងមិនទុកចិត្តប្តីទើបរក្សាទុកសាច់ប្រាក់ និងមាស នៅក្នុងទូដែកដោយខ្លួនឯង។

កម្លាំងនគរបាល ស្រុកភូសិង្ហ រួមជាមួយកម្លាំងយោធា បានចុះត្រួតពិនិត្យ និងរឹបអូសទ្រព្យសម្បត្តិជាច្រើន នៅក្នុងតំបន់ប្រឈមហានិភ័យ ត្រង់ម្តុំផ្សារមឿងថ្មី ក្បែរច្រកជាំស្រងាំ ក្នុងឃុំព្រៃផាត់ថៈណា ស្រុកភូសិង្ហ ខេត្តស៊ីសាកេត ឈប់នឹងខេត្តឧត្តរមានជ័យ ដែលស្ថិតនៅទល់មុខកាស៊ីណូតាមព្រំ
ដែន។
សមត្ថកិច្ចបានសង្ស័យ និងសន្និដ្ឋានថា ទឹកប្រាក់ដ៏មហាសាលនេះអាចពាក់ព័ន្ធនឹងទុនខុសច្បាប់ (ទុនប្រផេះ) ឬក្រុមខលសេនធ័រ និងអ្នកបោកប្រាស់តាមអនឡាញ (Scammer) ដោយសារតែការរក្សាទុកសាច់ប្រាក់ចំនួនច្រើន ក្នុងលក្ខណៈខុសប្រក្រតី នៅតំបន់ប្រឈមជិតព្រំដែន។
តាមរយៈការត្រួតពិនិត្យ និងរាប់ទ្រព្យសម្បត្តិដែលប្រទះឃើញ សមត្ថកិច្ចបានរកឃើញក្រដាសប្រាក់
សាច់ប្រាក់ជាប្រាក់បាតថៃ ចងជាដុំៗ សរុបតម្លៃជាង ១១លានបាត (១១,៣១១,១៥០) រួមទាំងគ្រឿងអលង្ការមាស ទាំងខ្សែដៃ ចិញ្ចៀន និងខ្សែក ចំនួន ៣៣មុខ ដែលវាយតម្លៃជាទឹកប្រាក់ ៣,៣២៦,៩០០បាត ព្រមទាំងបានរកឃើញទូរស័ព្ទដៃចំនួន ៧ គ្រឿងបន្ថែមទៀត។

ស្ត្រីខ្មែរដែលជាម្ចាស់ទ្រព្យសម្បត្តិទាំងនោះមានឈ្មោះ ស្រី ណេង ដោយមានស្វាមីឈ្មោះ ថង ខាំ ជាជនជាតិថៃ ដោយបានអះអាងថា ជាម្ចាស់កម្មសិទ្ធិ លើទ្រព្យសម្បត្តិទាំងនោះ ដោយបានបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងរឿងខុសច្បាប់ណាមួយឡើយ ប៉ុន្តែរូបគាត់ និងប្តីបានធ្វើអាជីវកម្មរួមគ្នា លក់ដូរនាំចេញទំនិញគ្រឿងបរិភោគ ទៅឱ្យក្រុមហ៊ុនធំមួយ ដោយដឹកបន្តទៅលក់នៅប្រទេសកម្ពុជា។
មូលហេតុដែលមិនយកប្រាក់ផ្ញើចូលគណនីធនាគារ ឬផ្ញើទុកជាមួយប្តីជនជាតិថៃ គឺដោយសារមិនទុកចិត្តប្តី និងបារម្ភថាក្រែងបាត់ប្រាក់ ទើបទិញទូដែករក្សាទុកនៅផ្ទះ ហើយនៅពេលមានបញ្ហាតាមព្រំដែនដែលត្រូវឱ្យជម្លៀសប្រជាពលរដ្ឋចាកចេញពីតំបន់ជាប់ព្រំដែន នាងក៏បានយកប្រាក់ចេញពីទូដែក ដាក់ឡានជម្លៀសចេញមកទុកនៅខាងក្រៅ។
ចំណែកមន្ត្រីនគរបាលបានបង្ហាញថា ពីការសាកសួរគូស្វាមីភរិយា និងការត្រួតពិនិត្យភស្តុតាង រួមទាំងវិក្កយបត្រ និងឯកសារទិញលក់ជាមួយក្រុមហ៊ុន បានរកឃើញថាមានការប្រកបអាជីវកម្ម ដឹកជញ្ជូនទំនិញពិតប្រាកដមែន ហើយជាបឋមមិនទាន់ឃើញមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ឬក្រុមបោកប្រាស់តាមអនឡាញនោះទេ។
ទោះជាយ៉ាងណា សមត្ថកិច្ចបានរឹបអូសទ្រព្យសម្បត្តិទាំងអស់ទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីត្រួតពិនិត្យបន្ថែមទៀត៕


