អាមេរិក ធ្វើតេស្តរ៉ាដាភ្ជាប់ទៅក្នុងខែលមីស៊ីល Golden Dome ដើម្បីពិនិត្យរកការគំរាមកំហែងពីខាងក្រៅ

មន្ទីរបញ្ចកោណបានធ្វើតេស្តដោយជោគជ័យនូវប្រព័ន្ធរ៉ាដារយៈចម្ងាយឆ្ងាយក្នុងរដ្ឋអាឡាស្កា (Alaska) ដែលអាចរកឃើញការគំរាមកំហែងដោយមីស៊ីលពីខាងក្រៅរួមមានពីរុស្ស៊ី ឬចិន ហើយថ្ងៃណាមួយអាចបម្រើជាឧបករណ៍ចាប់សញ្ញានៅក្នុងខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក។

មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃអង្គារ (២៤ មិថុនា) ថា រ៉ាដាចាប់សញ្ញាគ្រប់ប្រភេទរយៈចម្ងាយឆ្ងាយ (LRDR) បានទទួលជោគជ័យ តាមដាន និងរាយការណ៍ទិន្នន័យគោលដៅមីស៊ីល។ ទាំងនេះគឺជាកិច្ចការសំខាន់សម្រាប់កម្មវិធី Golden Dome តម្លៃ ១៧៥ពាន់លានដុល្លារ ក្នុងបំណងការពារសហរដ្ឋអាមេរិក និងអាចទាំងសម្ព័ន្ធមិត្ត ប្រឆាំងនឹងមីស៊ីលបាលីស្ទិក។

រ៉ាដារយៈចម្ងាយឆ្ងាយរបស់ក្រសួងការពារជាតិអាមេរិក នៅតំបន់អាឡាស្កាភាគកណ្តាលនោះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Lockheed Martin ដែលជាផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីល មានមូលដ្ឋានលើដីគោកដែលមានស្រាប់។ ប្រព័ន្ធនេះបង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃឧបករណ៍ស្ទាក់ចាប់ដែលមានមូលដ្ឋាននៅរដ្ឋអាឡាស្កា និងកាលីហ្វ័រនីញ៉ា ដែលបច្ចុប្បន្នកំពុងរង់ចាំការបាញ់ទម្លាក់មីស៊ីលដែលចូលមកទឹកដីអាមេរិក ដោយអ៊ីរ៉ង់ ឬកូរ៉េខាងជើង។

ទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) រួមជាមួយកងកម្លាំងអវកាសអាមេរិក និងបញ្ជាការខាងជើងអាមេរិក បានធ្វើការសាកល្បងនេះនៅស្ថានីយ៍កងកម្លាំងអវកាស Clear ក្នុងរដ្ឋអាឡាស្កា កាលពីថ្ងៃទី២៣ ខែមិថុនា។ ដោយមានការបំផុសគំនិតពីខែលការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល កម្មវិធី Golden Dome ថ្មីរបស់អាមេរិកនេះ ប្រឈមមុខនឹងការត្រួតពិនិត្យផ្នែកនយោបាយ និងភាពមិនច្បាស់លាស់ជាច្រើននៃការផ្តល់មូលនិធិ ដោយសារតែការចំណាយប៉ាន់ស្មានដ៏លើសលប់របស់គម្រោងដ៏មហិច្ឆតាមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង