លោក ត្រាំ ខឹងខ្លាំង ក្រោយអ៊ីរ៉ង់-អ៊ីស្រាអែលរំលោភបទឈប់បាញ់

វ៉ាស៊ីនតោន ៖ ថ្លែងក្នុងទឹកមុខខឹងសម្បារជាខ្លាំង មេដឹកនាំអាមេរិកបានស្តីបន្ទោសអ៊ីរ៉ង់ និងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ជុំវិញការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងថា ខ្លួនមិនសប្បាយចិត្តទាល់តែសោះ ពិសេសជាមួយអ៊ីស្រាអែល ដែលនៅតែទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។

តាមរយៈសារបង្ហោះលើបណ្ដាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់អ៊ីស្រាអែលចំៗថា អ៊ីស្រាអែល… កុំទម្លាក់គ្រាប់បែកទាំងនោះ។ បើអ្នកធ្វើវា នោះគឺជាការរំលោភបំពានដ៏ធំមួយ។ នាំអ្នកបើកយន្តហោះរបស់អ្នកត្រឡប់មកផ្ទះវិញ ឥឡូវនេះភ្លាម!។

សារនេះត្រូវបានបង្ហោះភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ជាងនេះទៅទៀត លោក ត្រាំ ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលផងដែរ ដោយមុនពេលឡើងយន្តហោះ លោកបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំត្រូវតែធ្វើឲ្យអ៊ីស្រាអែលស្ងប់ស្ងាត់ឥឡូវនេះ… ភ្លាមៗនៅពេលដែលយើងបានធ្វើកិច្ចព្រមព្រៀង ពួកគេបែរបានចេញទៅ ហើយទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។

គួរបញ្ជាក់ថា ការប្រកាសបទឈប់បាញ់របស់លោកប្រធានាធិបតី ត្រាំ បានកើតឡើងបន្ទាប់ពីសង្គ្រាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ ដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់អ៊ីស្រាអែល និងបានកើនឡើងកាន់តែខ្លាំងនៅពេលដែលអាមេរិកបានចូលរួមវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាពេលថ្មីៗនេះ៕

ប្រភព ៖ AFP

អត្ថបទដែលជាប់ទាក់ទង