គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកកាត់ការបិទព្រំដែនដោយឯកតោភាគីរបស់ថៃ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ចាត់ទុកការបិទព្រំដែនដោយឯកតោភាគីរបស់ថៃ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមូលដ្ឋាន ដោយសារថៃមិនបានជូនដំណឹងមុន មិនរៀបចំការសម្របសម្រួល និងគិតគូរពីសុខទុក្ខពលរដ្ឋ។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់ CHRC ចេញផ្សាយនៅ ថ្ងៃទី២៦ខែមិថុនា។
CHRC សង្កេតឃើញ ពលរដ្ឋនៅតាមព្រំដែន កម្ពុជា-ថៃ រួមជាមួយអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសទាំងពីរ មានការព្រួយបារម្ភខ្លាំង ពីការបិទព្រំដែនភ្លាមៗរបស់ថៃ។ CHRC អះអាងថា សកម្មភាពរបស់ភាគគីថៃ ប៉ះពាល់ដល់សិទ្ធិក្នុងការធ្វើដំណើរ ព្រោះពលករ អាជីវករ អ្នកដំណើរជាច្រើននាក់ ត្រូវបានជាប់គាំង ខណៈពួកគេឆ្លងដែនដោយស្របច្បាប់។ ការបិទនេះ បានរាំរាំងដល់សេរីភាពនៃការផ្លាស់ទី ដែលមានចែងនៅសិទ្ធិមនុស្សអន្តរជាតិ។
សិទ្ធិមានជីវភាពរស់នៅសមរម្យ ក៏ត្រូវបានប៉ះពាល់ពីការបិទច្រកព្រំដែនភ្លាមៗដែរ ពិសេសអ្នកដំណើរ អាជីវករ ដែលឆ្លងកាត់ព្រំដែនប្រចាំ ដើម្បីប្រកបមុខរបរ។ នេះបើតាម CHRC ហើយ CHRC វាយតម្លៃថា ពួកគេនឹងបាត់បង់ប្រភពចំណូល បង្កឱ្យមានបញ្ហាជាច្រើន រួមមានផ្នែកហិរញ្ញវត្ថុ អសន្តិសុខស្បៀងអាហារ ប្រឈមលំនៅឋាននិងទីជម្រកជាដើម។ សិទ្ធិនេះ ត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ពាក់ពន្ធនឹងការបិទព្រំដែន ដោយឯកតោភាគី CHRC បានសង្កត់ធ្ងន់លើសិទ្ធិធ្វើការ ហើយអះអាងថា៖ «ការបិទព្រំដែនឯកតោភាគីរបស់ថៃ បានរារាំងពលករ ដែលឆ្លងដែនជាប្រចាំថ្ងៃ ទៅកន្លែងធ្វើការរបស់ពួកគេ។ សកម្មភាពនេះ បានរំលោភសិទ្ធិការងារ ដែលមានចែងក្នុងសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌»។
ចំពោះ សិទ្ធិទទួលបានព័ត៌មាន ក៏កម្មករ អាជីវករ និងអ្នកធ្វើដំណើររាប់ពាន់នាក់ ដែលឆ្លងដែនស្របច្បាប់ មិនបានទទួលដែរ។ បញ្ហានេះ ធ្វើឱ្យពួកគេ មានការភ័ន្តច្រឡំពីព័ត៌មានជុំវិញការបិទព្រំដែន។ ទន្ទឹមនឹងនេះ ការជួញដូរមនុស្ស ជាបញ្ហាប្រឈមមួយដែរ ខណៈពេលពលករស្របច្បាប់ ត្រូវផ្លាស់ទីដោយមានពេលកំណត់។ ជនងាយរងគ្រោះខ្ពស់ពីការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្ម មានស្ត្រី កុមារ មនុស្សចាស់ និងជនពិការ។
ស្ថានការណ៍ ជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែតឹងតែង ចាប់តាំងពីមានការផ្ទុះអាវុធនៅទី២៨ ខែឧសភា បណ្ដាលឱ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិត ដោយសារភាគីថៃ ជាអ្នកផ្ដើមមុន។ បញ្ហាព្រំដែនកាន់តែក្ដៅ រហូតដល់បង្រួមម៉ោងចេញចូលតាមច្រកព្រំដែន ហើយឈានដល់បិទទាំងស្រុងនៅថ្ងៃទីយប់ថ្ងៃទី២៣មិថុនា ដោយភាគីថៃ៕