រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្ត

រដ្ឋបាលខណ្ឌមានជ័យ ដើម្បីជម្រុញការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទកុមារ បានបើកវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្តក្នុងមូលដ្ឋានរបស់ខ្លួន ។ សូមជម្រាបថា ការប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបង្រ្កាប និងទប់ស្កាត់ដោយបានបង្កើតលិខិតបទដ្ឋានគតិយត្តិនានាដើម្បីគាំទ្រ និងធានានូវការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាព ។

វគ្គបណ្តុះបណ្តាលស្ដីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធនេះ បានធ្វើឡើងពេញ១ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខណ្ឌមានជ័យ ដែលអញ្ជើញចូលរួមជាអធិបតី និងបណ្តុះបណ្តាលដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្ទាល់ ។ កម្មវិធីនេះ ដឹកនាំរៀបចំដោយអភិបាលរងខណ្ឌមានជ័យ លោក ញ៉ែម គឹមអាង និងសម្របសម្រួលគាំទ្រពីអង្គការ ម៉ារីស៊ី ជាអង្គការក្រៅរដ្ឋាភិបាល ដែលតែងបានចូលរួមយ៉ាងសកម្មជាមួយមន្ត្រីមានសមត្ថកិច្ចក្នុងសកម្មភាពនៃការអប់រំផ្សព្វផ្សាយ អំពីការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ នៅកម្ពុជា ។ សិក្ខាកាមដែលចូលរួមទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះ គឺជាមន្ត្រីអនុវត្តច្បាប់នៅក្នុងរដ្ឋបាលខណ្ឌ អាជ្ញាធរមកពីតាមបណ្តាភូមិ និងរដ្ឋបាលសង្កាត់ទាំង៧ និងម្ចាស់អាជីវកម្មកន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ ដូចជាអង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន និងហាងម៉ាស្សា នៃមូលដ្ឋានខណ្ឌមានជ័យទាំងមូល ។ ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីចែករំលែកនូវការយល់ដឹង និងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យទាំងអស់ ឲ្យបានជ្រាបច្បាស់អំពីអំពើជួញដូរផ្លូវភេទស្រ្តី និងកុមារ ជាពិសេសអំពីលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងអំពើអនីត្យានុកូលនេះ ក្នុងទិសដៅបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរផ្លូវភេទ ដើម្បីគាំពារសិទ្ធិស្ត្រី និងកុមារក្នុងសង្គមជាតិកម្ពុជា ដែលជាកិច្ចការចាំបាច់ត្រូវរួមគ្នាអនុវត្ត ។

រាជរដ្ឋាភិបាល បាននឹងកំពុងបង្កើនការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដោយបន្តពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញជួរមុខគ្រប់វិស័យ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសក្នុងសង្គម ឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ភាពរងគ្រោះរបស់ប្រជាពលរដ្ឋ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្លាប់បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិចាំបាច់ត្រូវសហការគ្នាកាន់តែខ្លាំង ដើម្បីរួមគ្នាប្រឆាំងឧក្រឹដ្ឋកិច្ចឆ្លងដែន តាមដានស៊ើបអង្កេតបង្រ្កាប និងផ្តន្ទាទោសជនល្មើសតាមច្បាប់ ហើយជនរងគ្រោះទាំងឡាយ ត្រូវតែទទួលបាននូវយុត្តិធម៌ និងការគាំពាឲ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង