រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​សម្រេច​បាននូវសមិទ្ធផលធំៗ​ជាច្រើន

ភ្នំពេញ៖ ថ្ងៃនេះប្រជាជនកម្ពុជាទូទាំងប្រទេស បានសម្តែងក្តី​សប្បាយ​រីករាយយ៉ាងក្រៃលែង​ចូលរួមប្រារព្ធ​ពិធីអបអរ​សាទរ​ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅ គ្រាដំបូងមានឈ្មោះថា «បក្សប្រជាជនបដិវត្តន៍​ខ្មែរ» ដែលត្រូវ បង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះរាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា​កាន់តែទទួល​បាននូវ សមិទ្ធផល​ធំៗ​ជាច្រើនទៀត ក្នុងនោះគឺការការពារបានសន្តិភាព ស្ថិរភាពនយោ​បាយ និងការអភិវឌ្ឍ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសនូវកម្មវិធី នយោ​បាយរបស់ខ្លួន ដែលត្រូវបានកសាងលើ មូលដ្ឋាន​កម្មវិធី​នយោបាយ​របស់​​គណបក្ស និងបានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់​កាលទី១ (២០២៣-២០២៨) ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ​និង កសាង​មូលដ្ឋាន​ឆ្ពោះទៅសម្រេច​ចក្ខុវិស័យ កម្ពុជាប្រែក្លាយជា​ប្រទេសមានចំណូលមធ្យម​កម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និង ប្រែក្លាយ​ជាប្រទេស​មាន​ចំណូលខ្ពស់ឆ្នាំ២០៥០។

គួររំលេចឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាត្រូវ បានប៉ាន់ស្មានថា សម្រេចបានកំណើនប្រមាណ ៦ភាគរយ។ ទំហំពាណិជ្ជ​កម្មអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០២៤ មានសរុបចំនួន ៥៥,៤ ប៊ីលាន ដុល្លារអាម៉េរិក កើន​ឡើង​១៥,៦៦ភាគរយ បើធៀបនឹង​ឆ្នាំ២០២៣។ ការនាំចេញមានចំនួន ២៦,៧ ប៊ីលានដុល្លារ កើនឡើង១៣,៦១​ភាគរយ និងការនាំ​ចូលមានចំនួន ២៨,៧​ប៊ីលានដុល្លារ កើនឡើង ១៧,៦៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ទុនបម្រុងអន្តរជាតិ​បន្តស្ថិត​ក្នុងកម្រិតខ្ពស់ ប្រមាណ​ជាង ២២ប៊ីលានដុល្លារ។ ចំពោះអត្រាប្តូរប្រាក់មាន ស្ថិរភាព ក្នុងរង្វង់ ៤០២៤រៀល/ដុល្លារ ខណៈអត្រាអតិផរណា​មធ្យមប្រចាំឆ្នាំ មានកំណើនថមថយមកត្រឹម០,៨ភាគរយ។

រាជរដ្ឋាភិបាលនៅបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និង កង​កម្លាំងប្រដាប់អាវុធ ដោយបច្ចុប្បន្នប្រាក់បៀវត្ស​អប្បបរមា មានចំនួន ១លាន ៣៩ម៉ឺនរៀល និងបន្តកាត់បន្ថយ គម្លាតប្រាក់ សោធនរវាង​អ្នកចូលនិវត្តន៍ចាស់ និងថ្មី។ ជាមួយគ្នានេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ លើគម្រោងថ្មី និងគម្រោង​ពង្រីកផលិត​កម្មសរុបចំនួន ៤១៤ គម្រោង ដែលមានទុន វិនិយោគ​សរុបប្រមាណ ៦,៩ ប៊ីលានដុល្លារ ដែលអាចបង្កើតការងារ​ចំនួន ៣២៤ ៦២៤កន្លែង។ ទន្ទឹមនេះ ចំនួនរោងចក្រសរុបមានចំនួន ២ ៤២៥រោងចក្រ និងបង្កើតការងារ ១ ១៦០ ១៨១ នាក់ និងចំនួន សហគ្រាសធុនតូច មធ្យម និងសិប្បកម្មសរុបមាន៤៣ ៩៧០មូលដ្ឋាន ដែលបង្កើតការងារ ៤៧៦ ២២៣នាក់។

រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិត ស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប ដល់ ២០៨ដុល្លារ/ខែ សម្រាប់ ឆ្នាំ២០២៥ បូករួមនឹងអត្ថប្រយោជន៍ជា​កាតព្វកិច្ច និងអត្ថប្រយោជន៍ ផ្សេងៗពីគោលនយោបាយគាំពារសង្គម។

រាជរដ្ឋាភិបាលកម្ពុជាបន្តសម្រេចបានសមិទ្ធផលជាទីមោទនៈ ដូចជា ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃ​ពិធី​អបអរសាទរការបើក ការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនគេជោ» ។ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា​នីតិកាលទី៥ និងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤។

អ្វីដែលគួរជាទីមោទនភាពនោះ គឺរហូតមកដល់បច្ចុប្បន្ន កម្ពុជាបាន​ផ្លាស់ប្តូរមុខមាត់របស់ខ្លួនយ៉ាងឆាប់រហ័ស បើធៀប​ទៅនឹងប្រទេស​ដែលទើបងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា។ យើងបានផ្លាស់​ប្តូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយ​ដែលមាន​ស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើង​ចាប់ផ្តើម​ទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រាភាពក្រីក្រត្រូវបាន​កាត់បន្ថយនៅក្នុងរង្វង់ ១០ភាគរយ ក្នុងឆ្នាំ២០១៩ ប៉ុន្តែបានឡើងខ្ពស់​ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី, ការដាក់ចេញ និងការអនុវត្តវិធានការ​អន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងក្នុងការគ្រប់គ្រងវិបត្តិ ទាំងក្នុងការរក្សាលំនឹងជីវភាពរស់នៅ​របស់​ប្រជាជន បានជួយបង្កើនអំណាចទិញរបស់ប្រជាជនមកវិញ និងធ្វើឱ្យ​អត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម ១៧,៩៨​ភាគរយ ក្នុងឆ្នាំ២០២៤។

កម្ពុជាក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចដោយពេញលេញនៅឆ្នាំ២០២៩ ខាងមុខ។ កម្ពុជាបានប្រែក្លាយ​ពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើ​ដៃគូអភិវឌ្ឍន៍ ដើម្បី​ទទួល​បានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិ​បាន​ដោយ​ភាព​ម្ចាស់ការ, ថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និង​លំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និង​គ្រោះមហន្តរាយ​ផ្សេងៗ។

កម្ពុជាបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្ម​ដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែល​ធ្វើសមាហរណកម្ម​យ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក, ក្លាយជាប្រទេស​ដែល​អាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈ​សន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀតផង។

រាជរដ្ឋា​ភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​នឹងកាន់តែទទួល​បាននូវសមិទ្ធផលធំៗ​ជាច្រើន​ទៀត នោះគឺការ​ការពារ​បូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង