សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញលែងត្រីមេពូជ កូនត្រី និងវារីសត្វជាង ២០ប្រភេទ នៅបឹងទន្លេបាទី ខេត្តតាកែវ អបអរសាទរ ទិវាមច្ឆជាតិ ១កក្ដដា

(ភ្នំពេញេ)៖ ពិធីអបអរសាទរ ទិវាមច្ឆជាតិ ១កក្ដដា លើកទី២០ ឆ្នាំ២០២៥ នឹងរៀបចំឡើងនៅបឹងទន្លេបាទី ក្នុងភូមិថ្នល់ទក្សិញ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ។

ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១កក្ដដា លើកទី២០ ក៏នឹងធ្វើការលែងត្រីមេពូជ កូនត្រី និងវារីសត្វ សរុបជាង ២០ប្រភេទ ចំនួន ១,៥លានក្បាល ដូចជា៖ ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីគល់រាំង ត្រីគល់រាំង អណ្ដើក កន្ធាយ បង្កងទឹកសាប ។ល។ ទៅក្នុងបឹងទន្លេបាទី នេះ ។

សូមជម្រាបជូនថា បឹងទន្លេបាទី មានបណ្ដោយប្រវែងប្រមាណ ៧ គ.ម និងទទឹង ប្រវែង ១គ.ម ជម្រៅ ៧ម៉ែត្រ នៅរដូវវស្សា និង ២ម៉ែត្រ នៅរដូវប្រាំង និងដើរតួនាទីជាប្រភពទឹកដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ការធ្វើកសិកម្ម និងការរក្សាទុក នូវត្រីមេពូជសម្រាប់បន្តពូជ ដែលជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ រាប់សែននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលពឹងអាស្រ័យលើផលនេសាទ កសិកម្ម និងទេសចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង