អាជ្ញាធរមីនបដិសេធការចោទប្រកាន់របស់សារព័ត៌មានថៃ ដែលចោទថាកម្ពុជាដាក់មីនថ្មី
អាជ្ញាធរមីន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបានចុះផ្សាយដោយសារព័ត៌មានថៃ ដែលមានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី ដែលខុសពីការពិត និងផ្ទុយពីឆន្ទៈរបស់កម្ពុជា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី១៨ កក្កដានេះ អាជ្ញាធរមាន បានថ្លែងថា កម្ពុជា ជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ហេតុនេះ កម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ការផលិត និងការរក្សាទុកគ្រាប់មីន ហើយក៏សូមចូលរួមសោកស្តាយ ចំពោះរាល់សោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មិនថានៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ។
អាជ្ញាធរមីនបន្តថា កម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា បានតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្តេជ្ញាចិត្តចូលរួមសម្រេចឱ្យបាន នូវចក្ខុវិស័យ ពិភពលោកមួយដែលគ្មានមីន ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយ អាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
កម្ពុជា ជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស គឺអនុសញ្ញាអូតាវ៉ា និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាបទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ថាជារដ្ឋភាគីមួយដែលមានការប្តេជ្ញាខ្ពស់ និងជោគជ័យ ក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទដែលមាន និងបានរកឃើញ។
អាជ្ញាធរមីន៖ «ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ទាហានថៃរងគ្រោះដោយសារមីននេះ កម្ពុជាប្រកាន់ខ្ជាប់នូវតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងន័យនេះ កម្ពុជា រំពឹងថា រាល់ការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ ត្រូវឆ្លងកាត់ការស៊ើបអង្កេតច្បាស់លាស់ មានភស្តុតាងគ្រប់គ្រាន់ មានភាពពិតប្រាកដ ចៀសវាងការប៉ាន់ស្មាន ឬការចោទប្រកាន់ដោយមិនសមហេតុផល និងគ្មានមូលដ្ឋានជាក់លាក់»។
សេចក្ដីប្រកាសព័ត៌មានបន្តថា កម្ពុជា នឹងនៅតែបន្តឈរលើគោលការណ៍មនុស្សធម៌ និងការគោរពរវាងគ្នានិងគ្នា ហើយជាមួយគ្នានេះ កម្ពុជានៅតែបន្តគោរពតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ក្នុងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅតែប្រកាន់គោលការណ៍ ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្ដិភាព មិត្ដភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «អាជ្ញាធរមីន សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួន និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថា សត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន»។
កាលពីថ្ងៃទី១៦ កក្កដា សារព័ត៌មានថៃ ចុះផ្សាយថា ទាហានល្បាតថៃ ៣នាក់បានជាន់មីននៅតំបន់មុំបី បណ្ដាលឲ្យទាហានម្នាក់ដាច់ជើងម្ខាង។ នៅដំណាក់កាលដំបូង មេបញ្ជាការភូមិភាគ២ Boonsin Phadklang បានអះអាងប្រាប់ព័ត៌មានថៃថា វាជាមីនចាស់។ ប៉ុន្តែ នៅថ្ងៃនេះ អាជ្ញាធរថៃ ថ្លែងថាពួកគេកំពុងចាប់ផ្ដើមស៊ើបអង្កេតថាតើមីននេះត្រូវបានដាក់ថ្មី ឬមីនចាស់៕