មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញមន្ត្រីទទួលបន្ទុកសាធារណមតិ ត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព
(បាត់ដំបង)៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានី ខេត្តរបស់ខ្លួន សម្រាប់ក្ដាប់ព័ត៌មានឱ្យជុំក្នុងការបកស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ និងលឿន ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ កំពង់ឆ្នាំង និងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង, លោកណ្ឌិត ឆាយ សុផល តំណាងលោក នេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
លោកបណ្ឌិត ឆាយ សុផល បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមអ្នកសារព័ត៌មានយើងត្រូវប្រឈមនូវទស្សនចម្រុះ គឺមកពីខាងក្នុងផង និងមកពីខាងក្រៅប្រទេសផង ដូច្នេះ យើងត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង ថ្នាក់ដឹកនាំខេត្ត និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានផង»។
លោកបានបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។
លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានថ្លែងថា ក្រុមការងារសម្របសម្រួលព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តតាមផែនការស កម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុងស្រុក។ ក្នុងនោះមន្ទីរបានបង្កើតច្រកព័ត៌មានតាមគ្រុបតេឡេក្រាម គឺក្រុមព័ត៌មាន និងដោះស្រាយមតិមហាជន ដែលមានថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ក្រុង-ស្រុក ហើយបានធ្វើការឆ្លើយតប បកស្រាយរាល់ព័ត៌មានរសើបក្នុងខេត្ត និងបានទាន់ពេលវេលា។
លោក ផេង សុទ្ធី អភិបាលរងខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានធ្វើការងារយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំខេត្តលើការងារព័ត៌មាន និងសាធារណមតិនេះ។ លោកបញ្ជាក់ថាវគ្គបំពាក់បំប៉ននៅខេត្តបាត់ដំបងនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយជាដើម។
លោកអភិបាលរងបញ្ជាក់ថា ការងារគ្រប់គ្រង និងផ្សព្វផ្សាយវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តបាត់ដំបង មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅជាអាទិ៍៖ ព័ត៌មានក្លែងក្លាយ ព័ត៌មាន ប្រឌិត អ្នកផលិតមាតិកា (Content Com MMO, intuencer និងព័ត៌មានអសកម្មមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវបានយកចិត្តទុកដាដាក់ និងបានរៀបចំបង្កើតឱ្យរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរអង្គភាពជំនាញក្នុង ខេត្ត តាមបណ្តារដ្ឋបាលក្រុង ស្រុក និងដល់រដ្ឋបាលឃុំសង្កាត់ មានយន្តការសម្រាប់តាមដាន សាធារណមតិ បណ្តាញសង្គមនានា ដើម្បីឆ្លើយបំភ្លឺ និងបកស្រាយបានទាន់ពេលវេលាតាមរយៈ Messenger Telegram ជាដើម។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម៖