សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កីឡាករ មានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវ នៃការបោះបង់ឱកាសនោះទេ។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» នារាត្រីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូប អាចអភិវឌ្ឍសមត្ថភាព បញ្ចេញទេពកោសល្យ និង ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច បានពេញលេញ និងដោយស្មើភាព។
គួរបញ្ជាក់ថា កីឡាជាតិជនពិការលើកទី៣ មានចំនួន ១០ប្រភេទកីឡា (ស្មើនឹង ៤៦ វិញ្ញាសា) រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ វាយកូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ។
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការប្រកួតកីឡាជាតិ ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ មកដល់ពេលនេះមានចំនួន ៥លើក ក្នុងគោលដៅលើកកម្ពស់គុណផលកីឡា ការបង្កើនសមត្ថភាពមន្ត្រីកីឡាឱ្យបានគ្រប់គ្រាន់ និងប្រកបដោយចំណេះដឹង និងបទពិសោធន៍សម្រាប់ការរៀបចំ និងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនានា។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើតឱ្យមានយុទ្ធនាការអប់រំសំខាន់ៗរួមមាន៖ កីឡាដើម្បីឯកភាពជាតិ, កីឡារស់ក្នុងសន្តិភាព, កីឡាដើម្បីកិត្យានុភាពជាតិ, ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត, កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី, កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា-ដូពីង៕


