សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើK01ដុតទំនិញថៃ និងដាក់បណ្ដាសាអ្នកលក់ទំនិញថៃសល់ស្តុកជាទង្វើឆ្កួតៗ និងជ្រុលនិយមហួសហេតុ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដែងការខកចិត្ត និងចាត់ចំពោះទង្វើរបស់លោក K01មានឈ្មោះពិត ខឿន សុឡា ថាជាទង្វើរបស់ក្រុមជ្រុលនិយមហួសហេតុ និងព្រមានឱ្យលោក K01បញ្ឈប់សកម្មភាពឆ្កួតៗនេះជាបន្ទាន់ ដើម្បីលើកកម្ពស់សីលធម៌ និងសេចក្ដីថ្លែថ្នូររបស់ជនជាតិខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដូច្នេះ បន្ទាប់ពីបានឃើញលោក K01 និងបក្សពួកបានដុតប្រព្រឹត្តទង្វើដុតកម្ទេចចោលទំនិញថៃ និងប្រើប្រាស់សម្ដីអសុរសជេរប្រទេចអាជីវករខ្មែរដែលលក់ទំនិញថៃដែលនាំចូលមុនប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នា។

បន្ទាប់ពីបានទស្សនាវីដេអូរយៈពេលជាង៨នាទី ជុំវិញទង្វើដែលដឹកនាំដោយលោក K01 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ សម្ដេច ហ៊ុន សែន នារាត្រីថ្ងៃទី២០ ខែតុលា បានសរសេរសារសំដៅទៅលោក K01នៅលើទំព័រហ្វេសប៊ុកដូច្នេះ៖«ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។»។

សម្ដេចប្រធានព្រឹទ្ធសភា វាយតម្លៃថា ប្រជាជនខ្មែរជាច្រើនណាស់ ស្ទើរតែ៩៩ភាគរយនៃប្រជាជនសរុប ទៅហើយ ដែលបានធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ ក្នុងនោះមិនថាតែប្រជាជននៅក្នុងប្រទេស ឬពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះទេ។
ជុំវិញចលនាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃនេះ សម្ដេច ហ៊ុន សែន មើលឃើញថា ចលនានេះបានក្លាយទៅជាបន្ទុកធ្ងន់ចំពោះអាជីវករខ្មែរលក់ដូរទំនិញថៃនៅសល់ ព្រោះមិនដឹងត្រូវយកទំនិញថៃទាំងនោះទៅណា មិនដឹងថាត្រូវដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដាស់តឿនលោក K01 ដូច្នេះ៖« ប្រសិនបើ K01មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដូច K01 បានធ្វើដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។ ខ្ញុំសូមឲ្យ K01បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។»។
បន្ទាប់ពីមើលឃើញថា ចលនាពហិការឈប់ប្រើទំនិញថៃ បានក្លាយជាបន្ទុកធ្ងន់សម្រាប់អ្នកលក់ទំនិញថៃសល់ក្នុងស្តុក សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រឱ្យអ្នកលក់ដូរនៅកម្ពុជា លក់ទំនិញថៃឱ្យអស់ ចំពោះទំនិញគ្រប់ប្រភេទដែលបាននាំចូលមកលក់លើទីផ្សារក្នុងស្រុកមុនពេលកម្ពុជា-ថៃ មានបញ្ហាជម្លោះព្រំដែនដ៏ចម្រូងចម្រាស់ជាមួយគ្នា ប៉ុុន្តែឈ្មួញត្រូវមានភាពស្មោះត្រង់ មិនត្រូវលួចនាំចូលទំនិញគ្រប់ប្រភេទរបស់ថៃចូលមកលក់លើទីផ្សារក្នុងស្រុករួចបោកប្រាស់អ្នកទិញថាជាទំនិញចាស់ដែលសល់ក្នុងស្តុកនោះទេ។
សម្ដេច ហ៊ុន សែន ក៏បានណែនាំទៅកាន់អ្នកទិញទំនិញ ក៏គួរពិនិត្យមើលលើទំនិញថៃដែលលក់លើទីផ្សារថាជាទំនិញចាស់ ឬទំនិញថ្មី ពីព្រោះទំនិញតែងមានកាលកំណត់របស់វា ហើយពលរដ្ឋខ្មែរត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។សម្ដេចប្រធានព្រឹទ្ធសភា ក៏ណែនាំឱ្យលោក K01 ចូលរួមយុទ្ធនាការជំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញ ប្រសើរជាងប្រព្រឹត្តទង្វើមិនគប្បី។
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ណែនាំ ប្រៀនប្រដៅ លោកK01 តាមរយៈបណ្ដាញសង្គម បានទទួលស្គាល់ថា ខ្លួនបានធ្វើទង្វើឆ្កួតៗ ទង្វើរជ្រុលនិយមហួសហេតុ និងបានលើកម្រាមដៃដប់សំពះសូមទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសនេះ និងសន្យាថាគោរពតាមការទូន្មានរបស់សម្ដេចតេជោ ហើយបានលុបវីដេអូដុតទំនិញថៃ ដាក់បណ្ដាសាអ្នកលក់ទំនិញថៃសេសសល់ក្នុងស្តុកចេញពីបណ្ដាញសង្គម។
លោក ក៏បានសុំការលើកលែងទោសពីពលរដ្ឋខ្មែរទាំងអស់ ចំពោះទង្វើដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជនជាតិខ្មែរ៕
