កម្ពុជាពង្រឹងការត្រៀមប្រព័ន្ធផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈមេដឹកនាំកំពូលជាង ២០រូបបញ្ជាក់ការចូលរួម
(ភ្នំពេញ)៖ កម្ពុជាបាននិងកំពុងពន្លឿនការរៀបចំប្រព័ន្ធផ្សព្វផ្សាយ និងយន្តការសម្របសម្រួលព័ត៌មាន ដើម្បីធានាដល់ការគ្របដណ្តប់ព័ត៌មានប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខណៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១ ២០០នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មាន ហើយមេដឹកនាំកំពូលជាង ២០រូបបានបញ្ជាក់ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំចុងក្រោយ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការទទួលបន្ទុកព័ត៌មាន និងសាធារណមតិ និងលោកស្រី Oria Kije Vandeweghe នាយិកាទំនាក់ទំនង និងជាអ្នកនាំពាក្យនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិនិត្យវឌ្ឍនភាព និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន មុនពេលកិច្ចប្រជុំកំពូលចាប់ផ្តើម។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំនេះជាការត្រួតពិនិត្យ និងសម្របសម្រួលការងារចុងក្រោយ ដើម្បីធានាថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអាចបំពេញបេសកកម្មរាយការណ៍ព័ត៌មានអំពីកិច្ចប្រជុំកំពូលបានដោយរលូន និងមានប្រសិទ្ធភាព។ ការត្រៀមរៀបចំផ្តោតលើការសម្រួលការចូលទៅកាន់ទីតាំងកិច្ចប្រជុំ ការកំណត់កម្មវិធីដែលអនុញ្ញាតឱ្យផ្សាយផ្ទាល់ និងការរៀបចំមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់បម្រើដល់អ្នកសារព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា មជ្ឈមណ្ឌលសារព័ត៌មានត្រូវបានរៀបចំឡើងរួចរាល់ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្របសម្រួលការងារដល់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានពីកិច្ចប្រជុំកំពូល ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១ ២០០ នាក់បានចុះឈ្មោះរហូតមកដល់ពេលនេះ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ភាគី OIF នឹងចាត់តាំងតំណាងរបស់ខ្លួនបំពេញតួនាទីជាអ្នកនាំពាក្យផ្លូវការរបស់កិច្ចប្រជុំកំពូល ខណៈមន្ត្រីកម្ពុជានឹងសម្របសម្រួល និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល ដើម្បីធានាឱ្យការផ្តល់ព័ត៌មានមានភាពស៊ីសង្វាក់គ្នា ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងធានាបាននូវការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលព្រឹត្តិការណ៍។
ក្រៅពីការងារព័ត៌មាន កិច្ចប្រជុំក៏បានពិនិត្យការសម្របសម្រួលសកម្មភាពនានាក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី រួមមាន ព្រឹត្តិការណ៍វប្បធម៌ អប់រំ សេដ្ឋកិច្ច និងការទូត ដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង អបអរសាទរភាពសម្បូរបែបនៃភាសា និងវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
តាមព័ត៌មានដែលបានបញ្ជាក់ ប្រទេសជាង ២០ បានជូនដំណឹងថា ប្រមុខរដ្ឋ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ខ្លួននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេស និងរដ្ឋាភិបាលចំនួន ៧៩ បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូល ខណៈដំណើរការចុះឈ្មោះនៅតែបន្ត។
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានសមាជិក និងរដ្ឋាភិបាលចំនួន ៩០ រួមមាន សមាជិកពេញសិទ្ធិ ៥៣ សមាជិកសហការី ៥ និងអ្នកសង្កេតការណ៍ ៣២ ដែលតំណាងឱ្យប្រជាជនប្រមាណ ៣២០ លាននាក់នៅទូទាំងពិភពលោក។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគឡើងវិញក្នុងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។ កិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់មេដឹកនាំ និងតំណាងប្រទេសនិងរដ្ឋាភិបាលជាសមាជិក ពិភាក្សាអំពីបញ្ហាប្រឈម ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកំណត់អាទិភាពរួមសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី៕





























