កងទ័ពសហរដ្ឋអាមេរិក មានបំណងទិញយន្តហោះគ្មានមនុស្សបើក​ (ដ្រូន) យ៉ាងហោចណាស់មួយលានគ្រឿង ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ

កងទ័ពសហរដ្ឋអាមេរិក មានបំណងទិញយន្តហោះគ្មានមនុស្សបើក​ (ដ្រូន) យ៉ាងហោចណាស់មួយលានគ្រឿង ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ ហើយអាច​​​​​សម្រេច​បាន​ដ្រូនពីកន្លះលានគ្រឿង ដល់រាប់លានគ្រឿងក្នុងមួយឆ្នាំៗ ក្នុងឆ្នាំ​បន្ត​បន្ទាប់​ទៀត​។ នេះ​យោង​សេចក្តីរាយការណ៍​របស់​​រ៉យទ័រ​ដែល​ដកស្រង់សម្តី​របស់​មេបញ្ជាការ​កង​ទ័ព​អាមេរិក លោក ​Daniel Driscoll។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក ​Daniel Driscoll បានរៀបរាប់លម្អិតអំពីការកើនឡើងដ៏សំខាន់នៅក្នុងផែនការទិញ​ដ្រូន​របស់កងទ័ព​សហរដ្ឋអាមេរិក ដោយទទួលស្គាល់បញ្ហាប្រឈមដែលបាន​កើត​ឡើង​​ថា​​ ​​​​​បញ្ជាការកងទ័ព​​ដ៏ធំបំផុតរបស់យោធាសហរដ្ឋអាមេរិកទទួលបានយន្តហោះគ្មានមនុស្សបើកប្រហែល​៥០០០០គ្រឿង ជារៀងរាល់ឆ្នាំនៅ​បច្ចុប្បន្ន​នេះ​​។

​លោក Driscoll ត្រូវបានស្រង់សម្តី​ដូច​​ដែលនិយាយថា៖«វាគឺជាការ​កើន​ឡើង​ដ៏សម្បើមមួយ។ ប៉ុន្តែវាគឺជាការកើន​ឡើង​ដែលយើងមានសមត្ថភាពធ្វើ»។

ឧត្តមសេនីយ John Reim មេបញ្ជាការកំពូលរបស់ Driscoll និង Picatinny បាន​​ប្រាប់​ Reuters អំពីរបៀបដែលសហរដ្ឋអាមេរិកកំពុងទទួលយកមេរៀនពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលត្រូវបានកំណត់លក្ខណៈដោយការដាក់​ពង្រាយយន្តហោះគ្មានមនុស្សបើកក្នុងទំហំដែលមិនធ្លាប់មានពីមុនមក។

យន្តហោះគ្មានមនុស្សបើកខ្នាតតូច និងមានតម្លៃថោក បានបង្ហាញថា ជាអាវុធដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដែលយន្តហោះចម្បាំងធម្មតាកម្រមានណាស់ ដោយសារតែការប្រមូលផ្តុំយ៉ាងក្រាស់នៃប្រព័ន្ធប្រឆាំងយន្តហោះនៅជិតជួរមុខ។

លោក Driscoll បាននិយាយថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី​​​​រៀងៗខ្លួន ផលិតយន្តហោះគ្មានមនុស្សបើកចំនួន៤​លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែប្រទេសចិនប្រហែលជាអាចផលិតបានច្រើនជាង​​ចំនួន​​​នេះ​​ទ្វេដង។

Driscoll បាននិយាយថា អាទិភាពរបស់គាត់គឺធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាទីតាំងមួយដែលខ្លួន​អាចផលិតយន្តហោះគ្មានមនុស្សបើកបានគ្រប់គ្រាន់សម្រាប់សង្គ្រាមនាពេលអនាគត ដោយជំរុញការផលិតក្នុងស្រុកនូវអ្វីៗគ្រប់យ៉ាងចាប់​ពី​ម៉ូទ័រ និងឧបករណ៍ចាប់សញ្ញា រហូតដល់អាគុយ និងបន្ទះឈីប​​​​។ មាន​ការ​ទទួលស្គាល់​ថា ​​គ្រឿងបង្គុំ​ផលិតកម្ម​​​​​ភាគច្រើនត្រូវបានគ្រប់គ្រងដោយប្រទេសចិនសព្វថ្ងៃនេះ៕​​

អត្ថបទដែលជាប់ទាក់ទង