ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ហើយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង
ជំនួបចរចាត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឡើងក្នុងទីក្រុង អាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ថ្ងៃទីមួយ ហើយ ក្រោយគណៈប្រតិភូប្រទេសទាំង៣ ពិភាក្សាគ្នាបិទទ្វារអស់រយៈពេល ជិត ៥ម៉ោង ដើម្បីត្រួសត្រាយផ្លូវ ឈានឆ្ពោះទៅរកសន្តិភាព រវាងទីក្រុងមូស្គូ និងទីក្រុង កៀវ។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូរុស្ស៊ី គឺដឹកនាំដោយទីប្រឹក្សាវិមានក្រឹមឡាំង Vladimir Medinsky អមដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស Sergei Ryabkov និង Mikhail Galuzin, មេភ្នាក់ងារចារកម្មយោធា Igor Kostyukov ព្រមទាំងឧត្តមសេនីយ៍ឯកយោធា Yury Zhigarlovsky ខណៈក្រុមការងារអ៊ុយក្រែន ដឹកនាំដោយប្រមុខភ្នាក់ងារចារកម្មបរទេស Rustem Umerov ព្រមទាំង ជំនួយការប្រធានាធិបតី ហ្សេលេនស្គី គឺលោក Kyrylo Budanov និងសមាជិកសភា Davyd Arakhamiya។
ចំណែក គណៈប្រតិភូអាមេរិក គឺដឹកនាំដោយប្រេសិតពិសេសប្រចាំសេតវិមាន លោក Steve Witkoff និង Jared Kushner ដែលត្រូវជាកូនប្រសារប្រមុខសេតវិមាន Donald Trump។

ទោះគ្មានការបញ្ជាក់លម្អិត ប៉ុន្តែបើតាមការផ្សាយរបស់ RT, ជំនួបនោះ បញ្ចប់ទៅទាំងដែលទំនាក់ទំនងផ្នែកការទូត រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តជាប់គាំងដដែល ដោយភ្លាមៗ គេមិនឃើញលេចចេញសញ្ញា វិជ្ជមានណាមួយសោះឡើយ។
យ៉ាងណា បើតាមការផ្សាយរបស់ Washington Times ឯណោះវិញ, ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមការងាររបស់លោក បានចូលរួមក្នុងកិច្ចប្រជុំមួយ ដែលពោរពេញដោយផ្លែផ្កា និងផលិតភាព ហើយជាជំនួបដែលដំណើរការយ៉ាងរលូន។

ទន្ទឹមនោះ លោកហ្សេលេនស្គី និងមន្ត្រីអាមេរិក សុទ្ធតែលើកឡើងដូចគ្នាថា គណៈប្រតិភូអាមេរិក បានផ្តោតសំខាន់លើវិធានការមនុស្សធម៌ ដូចជាការដោះដូរឈ្លើយសឹក ការធានាសន្តិសុខយូរអង្វែងសម្រាប់អ៊ុយក្រែន និងយន្តការទប់ស្កាត់ មិនឱ្យផ្ទុះជម្លោះឡើងវិញ។
ទោះបែបនេះ បើពាក់ព័ន្ធរឿងទឹកដីវិញ រុស្ស៊ី-អ៊ុយក្រែន នៅតែរកាំរកូស និងខ្វែងគំនិតគ្នា ដោយនិយាយគ្នាមិនដាច់ស្រេចនោះទេ ប៉ុន្តែនឹងរង់ចាំការចរចាថ្ងៃទី២ ទៀត នៅថ្ងៃពុធ។
សូមជម្រាបថា នេះគឺជាការចរចាត្រីភាគី ដោយផ្ទាល់លើកដំបូង រវាងប្រទេសទាំងបី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៦ មក បន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូត ត្រូវជាប់គាំង ក្នុងអំឡុងពេល សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នា បើកទ្វារសង្គ្រាម ប្រឆាំងជាមួយអ៊ីរ៉ង់៕

