ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Fung-wong ឥឡូវនេះបានកើនឡើងដល់១៨នាក់ហើយ
បុគ្គលិកជួយសង្គ្រោះក្នុងប្រទេសហ្វីលីពីន បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅថ្ងៃអង្គារទី១១ខែវិច្ឆិកានេះ ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ខណៈដែលទឹកបានស្រកចុះបង្ហាញពីការខូចខាតយ៉ាងដំណំ ហើយចំនួនអ្នកស្លាប់ដោយសារព្យុះឥឡូវនេះបានកើនឡើងដល់១៨នាក់ហើយ។
ព្យុះទីហ្វុងដែលបានបង្ខំពលរដ្ឋហ្វីលីពីន១,៤លាននាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ កំពុងរំកិលឆ្ពោះទៅកាន់កោះតៃវ៉ាន់ ជាកន្លែងដែលអាជ្ញាធរបានជម្លៀសអ្នកស្រុកជាង៣០០០នាក់ និងបានចេញសេចក្ដីព្រមាន នៅមុនពេលព្យុះទៅដល់នាថ្ងៃពុធស្អែក។
វាគឺជាព្យុះទីហ្វុងធំទីពីរដែលបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣២នាក់។
![]()
អ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យព្យុះស៊ីក្លូនត្រូពិចកាន់តែបំផ្លិចបំផ្លាញ ដែលជំរុញដោយកត្តាមនុស្ស ជាហេតុធ្វើឲ្យមហាសមុទ្រកាន់តែក្តៅ និងភ្លៀងកាន់តែធ្លាក់ខ្លាំង។
សូមជម្រាបថា ហ្វីលីពីនប្រឈមមុខនឹងព្យុះទីហ្វុង និងខ្យល់ព្យុះជាមធ្យមចំនួន២០ក្នុងមួយឆ្នាំៗ រួមជាមួយនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក៕
