អាជ្ញាធរខេត្តកែប បាននិងកំពុងជំរុញឲ្យមានការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ នៅក្នុងភូមិសាស្រ្តខេត្តកែបដែលជាការជួយគិតគូពីជីវភាពរបស់ប្រជាសហគមន៍
អាជ្ញាធរខេត្តកែប បាននិងកំពុងជំរុញឲ្យមានការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ នៅក្នុងភូមិសាស្រ្តខេត្តកែបដែលជាការជួយគិតគូពីជីវភាពរបស់ប្រជាសហគមន៍។
លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានលើកឡើងឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ដោយមានការចង្អុរបង្ហាញពីសំណាក់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ក៏ដូចជាលោកជំទាវ ចម និមល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកែប ដោយបានឃើញគោលដៅពីរធំៗដែលកំពុងជំរុញក្នុងការអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ នៅក្នុងភូមិសាស្រ្តខេត្តកែប។
លោក ហ៊ួរ មិថុនា បន្តឱ្យដឹងថា ចំពោះគោលដៅធំទី១ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានបីសំខាន់គឺ ផ្លូវ ចំណត និងបន្ទប់ទឹក និងគោលដៅធំទី២ ក្នុងការបង្កើនវិស័យវារីវប្បកម្មទៅតាមស្ថានភាព នៅតាមសហគមន៍ទាំង៥ ពោលការជំរុញឱ្យមានការចិញ្ចឹមគ្រឿងសមុទ្រនៅក្នុងភូមិសាស្រ្តខេត្តកែប។
អភិបាលរងខេត្តកែបបានបន្តទៀតថា លោកកំពុងធ្វើការជំរុញការពង្រីកបន្ថែមនូវតាមសហគមន៍ដែលមានស្រាប់ទាំង៥ នេះ ជាការជួយគិតគូរពីជីវភាពរបស់ប្រជាសហគមន៍ ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ក្រោមកម្ចីឥណទាន ADB (ធានាគារអភិវឌ្ឍន៍អាស៊ី)៕
