រដ្ឋមន្ត្រីអប់រំឱ្យថ្នាក់អគ្គនាយក អគ្គនាយករងចេះសរសេរ និងវាយតម្លៃពីកម្រងភារកិច្ច និងចំណេះដឹងភាសាបរទេសរបស់ខ្លួន
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យថ្នាក់ទទួលខុសត្រូវនីមួយៗ ជាពិសេសថ្នាក់អគ្គនាយក អគ្គនាយករង ត្រូវចេះសរសេរ និងវាយតម្លៃពីកម្រងភារកិច្ចប្រចាំឆ្នាំរបស់ខ្លួន រួមទាំងកម្រិតចំណេះដឹងភាសាបរទេស។
«កម្រងភារកិច្ចរបស់ខ្លួនឯងមានអ្វីខ្លះ? ហើយវាយតម្លៃខ្លួនឯងទៅ ធ្វើបានអ្វីខ្លះមួយឆ្នាំៗ? ភាសាអង់គ្លេសយ៉ាងម៉េច? ភាសាបារាំងយ៉ាងម៉េច? ភាសាខ្មែរយ៉ាងម៉េច?»។ លោករដ្ឋមន្ត្រីបានស្នើបែបនេះនាវេទិកាសាធារណៈស្ដីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៥” និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្ដីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា” ថ្ងៃទី២២ ខែធ្នូ។
លោកគូសបញ្ជាក់ថា អ្នកទទួលខុសត្រូវថ្នាក់អគ្គនាយកពិតជាមានបន្ទុកធំ ហើយបញ្ហាប្រឈម គឺការមិនមើលបានគ្រប់ជ្រុងជ្រោយ និងមិនមានការសម្របសម្រួល។