រថភ្លើងបុកគ្នានៅអេហ្ស៊ីប បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសជាង ១០០នាក់

មនុស្សចំនួន ៧ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀត ត្រូវរបួស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរពីរគ្រឿង បុកគ្នា នៅប្រទេសអេហ្ស៊ីប។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC, ហេតុការណ៍យ៉ាងរន្ធត់នេះ កើតឡើងកាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងស្រុក al-Ayyat នៃខេត្ត Giza ដែលមានចម្ងាយប្រហែល ៥២ គីឡូម៉ែត្រ ខាងត្បូងទីក្រុងកែរ។

ជុំវិញហេតុការណ៍នេះ បើយោងតាមអាជ្ញាធររថភ្លើងជាតិអេហ្ស៊ីប និងក្រសួងដឹកជញ្ជូន គ្រោះថ្នាក់ផ្តើមចេញពេល រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ដែលធ្វើដំណើរចេញពីខេត្ត Giza ឆ្ពោះទៅកាន់តំបន់ Fayoum បានបុកចំផ្នែកខាងក្រោយ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត ដែលកំពុងឈប់ស្ងៀម។

(រូប៖ Reuters)

ការបុកនោះលាន់ស្នូរដូចរន្ទះ ហើយកម្លាំងទង្គិច បណ្តាលឱ្យទូរថភ្លើងជាច្រើនត្រូវធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ ខណៈក្រុមសង្គ្រោះបញ្ជាក់ថា តួលេខមនុស្សស្លាប់អាចកើនឡើង ព្រោះក្នុងចំណោមអ្នករបួស ១២៥ នាក់ មានអ្នកខ្លះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ពាក់ព័ន្ធគ្រោះថ្នាក់នេះ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បានចេញបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ហើយប្តេជ្ញាថា ជនណា ដែលរកឃើញ មានកំហុសដោយសារការធ្វេសប្រហែស នឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់។

(រូប៖ Reuters)

ហេតុការណ៍នេះកើតឡើង ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនៅប្រទេសអេស្ប៉ាញ ឯណោះ ក៏កើតមានគ្រោះថ្នាក់ស្រដៀងគ្នានេះដែរ ដោយរថភ្លើងល្បឿនលឿនដឹកអ្នកដំណើរ ពីរគ្រឿង បុកគ្នា ក្នុងទីក្រុង Toledo បណ្តាលឱ្យអ្នកដំណើរចំនួន ៦៩នាក់  បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួសធ្ងន់។

ចំពោះមូលហេតុនៃសោកនាដកម្មនោះ! រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ Óscar Puente ប្រាប់ថា បញ្ហាគាំងប្រព័ន្ធកុំព្យូទ័រលើរថភ្លើង ធ្វើឱ្យរថភ្លើងមួយគ្រឿង ឈប់ស្ងៀមលើផ្លូវដែក រួចហើយស្រាប់តែរថភ្លើងមួយគ្រឿងទៀត ទៅបុកពីក្រោយ៕

អត្ថបទដែលជាប់ទាក់ទង