រដ្ឋបាលខេត្តតាកែវ ហាមឃាត់ការបង្ហោះដ្រូនគ្រប់​ប្រ​ភេទក្នុងភូមិសាស្រ្ត និងព្រមានចាត់វិធានការផ្លូវច្បាប់លើជនណាដែលល្មើស

រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសការហាមឃាត់ពីការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត និងព្រមានចាត់វិធានការលើជនណាដែលល្មើស នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

តាមរយៈសេចក្ដីជូនដំណឹង ការហាមឃាត់នេះ គឺដើម្បីធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវបានប្រទេសសៀមរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងបានសង្កត់ធ្ងន់ថា ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តតាកែវ។ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន)ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលខេត្តតាកែវ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។ ករណីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រទះឃើញអាកាសយានគ្មានមនុស្សបើក(ដ្រូន) ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ឬតាមរយៈលេខ ១២៩៩ ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា។

រដ្ឋបាលខេត្តក៏ណែនាំឲ្យស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១០ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការឱ្យបានល្អប្រសើរ។
ក្នុងករណីពិនិត្យឃើញមានជនណាបំពាននូវសេចក្ដីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង