អង្គភាពសម្របសម្រួលព្រំដែនមួយនឹងត្រូវបង្កើតដើម្បីធានាពីអនុវត្តបទឈប់បាញ់
កម្ពុជា-ថៃ សម្រេចរួមគ្នាក្នុងការបង្កើតអង្គភាពសម្របសម្រួលព្រំដែនមួយដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ។
យោងតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទី GBC រវាងកម្ពុជាថៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពសម្របសម្រួលព្រំដែននេះនឹងដាក់ក្រោមការសង្កេត និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ខណៈដែលភាគីទាំងពីនឹងរក្សាខ្សែបណ្ដាញទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់រវាងរដ្ឋមន្ត្រីការពារជាតិ និងអង្គមេបញ្ជាការកងកម្លាំងដើម្បីឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍បន្ទាន់ដែលមិនអាចដោះស្រាយនៅថ្នាក់មូលដ្ឋាន។
ក្នុងសេចក្ដីប្រកាសនោះបន្ថែមថា៖ «ប្រសិនបើចាំបាច់តំណាងជាន់ខ្ពស់របស់ភាគីទាំងពីនឹងត្រូវជួបគ្នាដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងដោយប្រសិទ្ធភាព»។
គិតត្រឹមថ្ងៃទី២៧ ខែធ្នូ មានរយៈពេល២០ថ្ងៃហើយនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ មុននឹងឈានដល់សចក្ដីប្រកាសរួមរវាងប្រទេសទាំងពីរនៅថ្ងៃនេះ។ តាមលទ្ធផលនៃការប្រកាសរួម ប្រទេសទាំងពីរនឹងអនុវត្តបទឈប់បាញ់នៅត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូនេះតែម្ដង៕
