ឥណ្ឌូណេស៊ី បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីការបើកផ្លូវអនុញ្ញាតឱ្យអាមេរិកចូលវិនិយោគលើរ៉ែសំខាន់ រួមទាំងរ៉ែកម្រ
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានឱ្យដឹងកាលពីថ្ងៃសុក្រថា មូលនិធិវិនិយោគរដ្ឋ Danantara របស់ឥណ្ឌូណេស៊ី បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីការបើកផ្លូវអនុញ្ញាតឱ្យអាមេរិកចូលវិនិយោគលើរ៉ែសំខាន់ រួមទាំងរ៉ែកម្រ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។
កិច្ចចរចានេះ កំពុងដំណើរការអមគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ដែលចង់បានការលើកលែងពន្ធបដិការរបស់អាមេរិក សម្រាប់ទំនិញធម្មជាតិមួយចំនួន។
លោក Hartarto បាននិយាយថា Danantara កំពុងចរចាក្រោមយុទ្ធសាស្រ្ត«អាជីវកម្មទៅអាជីវកម្ម» ដោយសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឥណ្ឌូណេស៊ី និងក្រុមហ៊ុនអាមេរិក ដែលកំពុងស្វែងរកការវិនិយោគក្នុងវិស័យរ៉ែសំខាន់ៗរបស់ប្រទេស។
យ៉ាងណាមិញ លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលរួមជាយូរមកហើយក្នុងវិស័យរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី ដោយចង្អុលបង្ហាញពីប្រតិបត្តិការទង់ដែងរបស់ក្រុមហ៊ុន Freeport-McMoRan ចាប់តាំងពីឆ្នាំ ១៩៦៧ និងការផលិតនីកែលរបស់ក្រុមហ៊ុន Vale Indonesia ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។
លោក Hartarto បានកត់សម្គាល់ថា វិស័យរ៉ែដ៏កម្ររបស់ឥណ្ឌូណេស៊ីនៅតែកំពុងអភិវឌ្ឍ ហើយភាគច្រើនជាផលិតផលរងរបស់ក្រុមហ៊ុនរុករករ៉ែសំណប៉ាហាំងរដ្ឋ Timah។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកចង់ចូលវិនិយោគធនធានរ៉ែសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីគាំទ្រដល់ឧស្សាហកម្មដូចជា យានយន្ត អាកាសចរណ៍ និងការពារជាតិ។
គួរគូសបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ថា ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក មានភាពរកាំរកូសជាមួយគ្នាលើបញ្ហារ៉ែកម្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មពាក់ព័ន្ធនឹងពន្ធគយបដិការរវាងប្រទេសទាំង២។ ប៉ុន្តែមន្រ្តីឥណ្ឌូណេស៊ីបានច្រានចោលការណ៍នេះ ដោយនិយាយថា ការចរចាផ្សេងៗនៅតែបន្ត៕