ស្ថានភាពជួរមុខ មានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងកម្ពុជាបន្តតាមដាន និងគោរពបទឈប់បាញ់
គិតត្រឹមម៉ោង ៨ ព្រឹកនេះ ស្ថានភាពជួរមុខមានសភាពស្ងប់ស្ងាត់ ខណៈកងម្លាំងរបស់កម្ពុជាកំពុងបំពេញតួនាទីដោយប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងគោរពនូវបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ថា នៅក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូរទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ ភាគីទាំងពីរបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយមតិសាធារណៈអវិជ្ជមាន លើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី។
រាជរដ្ឋាភិបាលកម្ពុជា កងម្លាំងប្រដាប់អាវុធ បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តពេញលេញនូវលខក្ខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥, សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣ និងគណៈម្មាធិការព្រំដែនទូរទៅព្រំដែនកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងិវញឱ្យបានឆាប់រហ័ស និងវិលទៅរកប្រក្រតីភាព សន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕