អាមេរិក និងអ៊ីរ៉ង់ ព្រមានគ្នាទៅវិញទៅមក ក្រោយ ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាការពារបាតុករ
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា អាមេរិកបាន«ត្រៀមលក្ខណៈរួចជាស្រេច» ក្នុងការធ្វើអន្តរាគមន៍យោធា បើរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់កម្លាំងយ៉ាងសាហាវដើម្បីបង្រ្កាបបាតុករ។
យោងតាម Scripps News ការគំរាមកំហែងនេះបានកើតឡើងបន្ទាប់ពីមានបាតុកម្មជាបន្តបន្ទាប់ពេញមួយសប្តាហ៍នៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
នៅក្នុងសំណេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ លោកត្រាំ បានប្រាប់ថា បើអាជ្ញាធរអ៊ីរ៉ង់«បាញ់សម្លាប់បាតុករស្លូតត្រង់យ៉ាងឃោរឃៅ តាមទម្លាប់របស់ពួកគេនោះ សហរដ្ឋអាមេរិកនឹងទៅជួយសង្គ្រោះពួកគេ»។ សម្តីនេះតំណាងឲ្យជំហរដ៏រឹងមាំបំផុតរបស់រដ្ឋបាលលោកត្រាំ ហើយវាបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរីសត Mar-a-Lago ជាកន្លែងដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីឥទ្ធិពលក្នុងតំបន់របស់អ៊ីរ៉ង់ និងការចោទប្រកាន់ពីការប៉ុនប៉ងស្តារកម្មវិធីនុយក្លេអ៊ែរឡើងវិញ ក្រោយការវាយប្រហារតាមអាកាសកាលពីខែមិថុនាឆ្នាំមុន។
មន្ត្រីអ៊ីរ៉ង់បានឆ្លើយតបវិញភ្លាមៗជាមួយនឹងការព្រមានយ៉ាងដាច់អហង្ការ ដោយចាត់ទុកអន្តរាគមន៍ណាមួយរបស់អាមេរិកថាជា «បន្ទាត់ក្រហម»។ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានហៅការលើកឡើងនេះថាជា «ទង្វើខ្វះការទទួលខុសត្រូវ និងគ្រោះថ្នាក់» ដោយបញ្ជាក់ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់នឹងច្រានចោលរាល់ការជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពជាតិ។ ទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានព្រមានថា មជ្ឈមណ្ឌលយោធា និងបុគ្គលិកអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងក្លាយជា «គោលដៅស្របច្បាប់» បើអាមេរិកហ៊ានធ្វើសកម្មភាពយោធាណាមួយ។
បាតុកម្មដែលកំពុងឈានចូលដល់ថ្ងៃទី៦នេះ បានរីករាលដាលដល់ទីក្រុងរាប់សិប រួមមានទីក្រុងតេហេរ៉ង់ Isfahan និងទីក្រុង Qom ដែលជាមូលដ្ឋានសំខាន់ៗនៃសាសនា។ ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ពី ៧ ទៅ ១០នាក់បានបាត់បង់ជីវិត រួមមានទាំងបាតុករ និងសមាជិកកងកម្លាំង Basij ម្នាក់។ ទោះបីជាប្រធានាធិបតី Masoud Pezeshkian កាលពីដំបូងបានអំពាវនាវឲ្យមានការចរចាក៏ដោយ ប៉ុន្តែការកើនឡើងនៃចំនួនអ្នកស្លាប់ និងការប្រើប្រាស់គ្រាប់កាំភ្លើងពិតដោយកងកម្លាំងសន្តិសុខ បានបង្ហាញពីលទ្ធភាពនៃការផ្លាស់ប្តូរទៅរកការបង្រ្កាបកាន់តែខ្លាំងក្លាពីសំណាក់របបដឹកនាំអ៊ីរ៉ង់៕
