កម្ពុជា បានបើកទូលាយ និងស្វាគមន៍សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ឱ្យចុះសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ពីតំបន់ព្រំដែនកម្ពុជា–ថៃ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងអំឡុងពេល និងក្រោយពេលនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា កម្ពុជា បានបើកទូលាយ និងស្វាគមន៍សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ឱ្យចុះសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ពីតំបន់ព្រំដែនកម្ពុជា–ថៃ។
យោងតាមសារនៅលើបណ្តាញសង្គមហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្រៅពីសារព័ត៌មានជាតិ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិប្រចាំនៅកម្ពុជាដូចជា AP, AFP, Reuters, Kyodo, NHK, Xinhua និង EPA កម្ពុជា ក៏បានស្វាគមន៍អ្នកសារព័ត៌មានបរទេសជាច្រើនទៀត រួមមាន BBC, Aljazeera English, Aljazeera Arab, Channel News Asia, CGTN, CCTV, DW, The Times, The Independent និងសារព័ត៌មានអន្តរជាតិផ្សេងៗទៀត។

សារព័ត៌មានទាំងនេះបានចុះទៅដល់ទីតាំងជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ ដើម្បីសង្កេតការណ៍ស្ថានការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ អំពីផលប៉ះពាល់ដែលកម្ពុជាបានទទួលរងពីអំពើឈ្លានពាន និងការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដី។លោក នេត្រ ភក្ត្រា បានបន្ថែមថា សារព័ត៌មានអន្តរជាតិជាច្រើនផ្សេងទៀត ក៏បានយកព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានធំៗដូចជា AP, AFP និង Reuters ទៅចុះផ្សាយបន្ត ដែលធ្វើឱ្យសហគមន៍អន្តរជាតិ និងសាធារណៈជននៅទូទាំងពិភពលោក ទទួលបានព័ត៌មានកាន់តែទូលំទូលាយ និងច្បាស់លាស់អំពីអ្វីដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បានទទួលរងគ្រោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមរាយការណ៍ព័ត៌មានដោយវិជ្ជាជីវៈ និងបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយការពិតទៅកាន់ពិភពលោក។ លោកក៏បានអរគុណដល់អាជ្ញាធរខេត្តទាំងអស់ ដែលបានផ្តល់កិច្ចសហការល្អ និងធានាសុវត្ថិភាពជូនអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មានផ្ទាល់នៅតាមទីតាំងព្រំដែន។
ការចូលរួមយ៉ាងសកម្មរបស់សារព័ត៌មានអន្តរជាតិ ត្រូវបានមើលឃើញថា ជាកត្តាសំខាន់ក្នុងការបង្ហាញភាពជាក់ស្តែងនៃស្ថានការណ៍ និងការរងគ្រោះរបស់កម្ពុជា ព្រមទាំងជួយពង្រឹងការយល់ដឹងរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ៕
