ចិនបន្តផ្តល់ជំនួយសប្បុរសធម៌ ដើម្បីបម្រើការក្នុងសកម្មភាពមីន
រដ្ឋាភិបាលចិន តាមរយៈរយៈលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសប្បុរសធម៌ដែលរួមមានឧបករណ៍រាវរកលោហៈ សម្ភារចាំបាច់ និងរថយន្ត ដើម្បីបម្រើការក្នុងសកម្មភាពមីនមនុស្សធម៌។
នាឱកាសពិធីប្រគល់-ទទួលសម្ភារជំនួយមនុស្សធម៌ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទាំងនេះមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ លោកបញ្ជាក់ថា៖«ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីនរបស់យើង ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លាក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលដ៏សាហាវនៃសង្គ្រាម»។
តាងនាមប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តចិនដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។ ក្រៅពីសម្ភារនិងឧបករណ៍ មិត្តចិនបានគាំទ្រជាថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកសង្កត់ធ្ងន់ថា៖«ជំនួយទាំងនេះ បានមកដល់ក្នុងពេលវេលាមួយដ៏ចាំបាច់ និងមានអត្ថន័យបំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។នៅក្នុងបរិយាកាសសកលដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ មិត្តចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឆាកអន្តរជាតិ ហើយកម្ពុជាវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ក្រៅពីជំនួយសម្ភារខាងលើ ក្រោយបញ្ចប់សង្គ្រាមកម្ពុជា-ថៃ គឺប្រទេសចិន បានផ្តល់ជំនួយមនុស្សធម៌ប្រមាណ ២០ លានយ័ន សម្រាប់ជួយដល់ជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ។ ឆ្លៀតក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ ថ្លែងអំណរគុណអស់ពីបេះដូង ជូនដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តបទឈប់បាញ់ និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈកិច្ចប្រជុំនៅខេត្តយូណាន។
គួររំឭកថា អំឡុងសង្គ្រាម យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងសន្ធឹកសន្ធាប់ដែលច្បាប់អន្តរជាតិហាមឃាត់មកទឹកដីកម្ពុជា និងបានបន្សល់ទុកនូវគ្រាប់ជាច្រើននៅតំបន់ជនស៊ីវិល ភូមិឋានរបស់ប្រជាពលរដ្ឋដែលនឹងគំរាមកំហែងសុខសុវត្ថិភាពរយៈវែងនៅពេលខាងមុខ៕
